ព័ត៌មានជាតិ

កម្ពុជា គ្រោងប្រែក្លាយផ្លូវដែកបច្ចុប្បន្ន ទៅជាផ្លូវដែកល្បឿនលឿន និងសាងសង់បន្ថែមពីរខ្សែទៀត ក្នុងចន្លោះឆ្នាំ២០២៨-២០៣៣

BY
Khmerpress
April 6, 2024
កម្ពុជា គ្រោងប្រែក្លាយផ្លូវដែកបច្ចុប្បន្ន ទៅជាផ្លូវដែកល្បឿនលឿន និងសាងសង់បន្ថែមពីរខ្សែទៀត ក្នុងចន្លោះឆ្នាំ២០២៨-២០៣៣

(ភ្នំពេញ)៖ ផ្លូវដែកជាមធ្យោបាយបម្រើដល់ការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដ៏មានគុណតម្លៃមួយ​ក្នុង​ប្រព័ន្ធដឹកជញ្ជូន។ កម្ពុជា ក៏មានមហិច្ឆតាប្រែក្លាយប្រព័ន្ធផ្លូវដែករបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។

បើតាមលោក ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។

ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក​ចំនួន​៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប។

ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: