ព័ត៌មានជាតិ

កម្ពុជានាំចេញអង្ករជាង ១៦ម៉ឺនតោន ទទួលបានចំណូលជាង ១២៣លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

BY
Khmerpress
April 6, 2024
កម្ពុជានាំចេញអង្ករជាង ១៦ម៉ឺនតោន ទទួលបានចំណូលជាង ១២៣លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

(ភ្នំពេញ)៖ ការនាំចេញក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦ ៤៥១តោន គិតជាទឹកប្រាក់បានចំនួន ១២៣.៦១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៦៦ ៤៥១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៦ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ដែលក្នុងនោះ រួមមាន៖

* ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៨ ៦៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦០.៤១ ដុល្លារសហរដ្ឋអាមេរិក

* ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវចំនួន ៤៣ ០៣៩ តោន គិតជាទឹកប្រាក់ ២៨.១០ លានដុល្លារសហរដ្ឋអាមេរិក

* ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៦ប្រទេសបានបរិមាណ ចំនួន២៩ ៧១៩ តោន គិតជាទឹកប្រាក់ ២២.០១ លានដុល្លារសហរដ្ឋអាមេរិក

* ទៅកាន់គោលដៅ២២ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ១៥ ០១៨ តោន គិតជាទឹកប្រាក់ចំនួន ១២.៦៩លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.២៩ % ប្រភេទអង្ករស ធម្មតា ១៤.៦៨% អង្ករចំហ៊ុយ ២.១៨ % អង្ករសរីរាង្គចំនួន ១.៧១% និងអង្ករផ្សេងៗចំនួន ០.១៤%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,២២០,៧២៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់ បានប៉ាន់ប្រមាណជាង៣ ៦០០.០៨ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: