ព័ត៌មានអន្តរជាតិ

ចិនប្រកាសធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង​ នាថ្ងៃអាទិត្យនេះ ស្របពេលគ្នាជាមួយសមយុទ្ធរវាងអាមេរិក ហ្វីលីពីន ជប៉ុន និងអូស្រ្តាលី

BY
Nisaiy KP
April 7, 2024
ចិនប្រកាសធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង​ នាថ្ងៃអាទិត្យនេះ ស្របពេលគ្នាជាមួយសមយុទ្ធរវាងអាមេរិក ហ្វីលីពីន ជប៉ុន និងអូស្រ្តាលី

(ប៉េកាំង)៖ កងទ័ពចិនបានឱ្យដឹងថា ខ្លួននឹងធ្វើសមយុទ្ធយោធា នាថ្ងៃអាទិត្យនេះ នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ ពោលគឺ​ក្នុងថ្ងៃជាមួយគ្នា នៃការធ្វើសមយុទ្ធយោធារួម រវាងសហរដ្ឋអាមេរិក​ ហ្វីលីពីន ជប៉ុន និងអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។

កងទ័ពចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃទី៧ ខែមេសា ទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាចិន នឹងរៀបចំធ្វើសមយុទ្ធរួម រវាងកងកម្លាំងជើងទឹកនិងជើងអាកាស នៅសមុទ្រចិនខាងត្បូង ដែលផ្តោតលើការល្បាតត្រៀមប្រយុទ្ធ។ សេចក្តីប្រកាសនេះ កើតមានឡើង​មួយថ្ងៃបន្ទាប់ពីប្រមុខការពារជាតិអាមេរិក ហ្វីលីពីន ជប៉ុន និងអូស្រ្តាលី បានប្រកាសថា យោធាប្រទេសទាំង៤ នឹងធ្វើសមយុទ្ធរួមគ្នា នៅក្នុងតំបន់សមុទ្រមានជម្លោះនេះ នៅថ្ងៃអាទិត្យដូចគ្នា។

គួរបញ្ជាក់ថា ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក បានអះអាងម្តងហើយម្តងទៀត អំពីការប្តេជ្ញាយ៉ាងមុតមាំបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការពារ​ប្រទេសហ្វីលីពីន ប្រឆាំងនឹងសកម្មភាពវាយប្រហារប្រដាប់អាវុធណាមួយ នៅសមុទ្រចិនខាងត្បូង។ រយៈពេលប្រហែលជាង១ឆ្នាំមកនេះ ហ្វីលីពីនបានមើលឃើញ ការកើនឡើងយ៉ាងខ្លាំង នៃឧប្បត្តិហេតុប្រឈមមុខដាក់គ្នាជាមួយចិន នៅតំបន់វិវាទនៃសមុទ្រចិនខាងត្បូង។ ដោយឡែក ក្នុង​ខែមេសានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងត្រូវបើកកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង ជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: