ព័ត៌មានអន្តរជាតិ

ប្រទេសចិន លើកឡើងថា ក្រុមហ៊ុន EV របស់ខ្លួនមិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងទេ

BY
Naren
April 8, 2024
ប្រទេសចិន លើកឡើងថា ក្រុមហ៊ុន EV របស់ខ្លួនមិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងទេ

(បរទេស)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao បាននិយាយនៅក្នុងកិច្ចពិភាក្សាតុមូលនៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យនេះ ថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនរួមទាំង Geely, BYD និង CATL មិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

លោក Wang ក៏បាននិយាយផងដែរថា ការចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបអំពីការ «លើសចំណុះ» របស់ប្រទេសចិន គឺគ្មានមូលដ្ឋាននោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃចន្ទ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំតុមូលមួយរបស់ក្រុមហ៊ុនចិន ដែលជាកន្លែងដែលលោកត្រូវបានកំណត់សម្រាប់កិច្ចពិភាក្សាដែលរំពឹងថា នឹងគ្របដណ្តប់ការនាំចេញរថយន្តអគ្គិសនីរបស់ប្រទេសចិនទៅកាន់ទីផ្សារអឺរ៉ុប។ ខណៈកិច្ចប្រជុំនោះមានតំណាងសហគ្រាសចិនប្រមាណជាង ១០មកពីក្រុមហ៊ុនផ្សេងៗគ្នាបានចូលរួម។

លោក Wang បានគូសបញ្ជាក់ថា «ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិន ពឹងផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យាជាបន្តបន្ទាប់ ប្រព័ន្ធផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្អឥតខ្ចោះ និងការប្រកួតប្រជែងទីផ្សារពេញលេញ សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមិនពឹងផ្អែកលើការឧបត្ថម្ភធនដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះទេ»។

គួរជម្រាបដែរថា កិច្ចពិភាក្សានាពេលថ្មីៗនេះ គឺផ្តោតសំខាន់ទៅលើការស៊ើបអង្កេតរបស់គណៈកម្មអឺរ៉ុប ថាតើឧស្សាហកម្ម EV របស់ប្រទេសចិន បានទទួលអត្ថប្រយោជន៍ ពីការឧបត្ថម្ភធនមិនយុត្តិធម៌ដែរឬទេ។ ខណៈដែរ គណៈកម្មការបានចាប់ផ្តើមការស៊ើបអង្កេតដើម្បីកំណត់ ថាតើត្រូវដាក់ពន្ធលើការនាំចេញដើម្បីការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដែរឬទេ? ហើយវានឹងត្រូវបញ្ចប់នៅខែវិច្ឆិកា បើទោះបីជានាយកប្រតិបត្តិសហភាពអឺរ៉ុប អាចដាក់កាតព្វកិច្ចបណ្តោះអាសន្នមុននេះក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: