ព័ត៌មានជាតិ

ក្មេងទំនើង២៣នាក់​ ត្រូវបានឃាត់ខ្លួន នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

BY
Naren
April 18, 2024
ក្មេងទំនើង២៣នាក់​ ត្រូវបានឃាត់ខ្លួន នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៣ ដល់១៦ ខែមេសា​ ឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានក្មេងទំនើងចំនួន​២៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។

ក្នុងចំណោមជនសង្ស័យទាំង​ ២៣នាក់នោះ ត្រូវបានបង្ក្រាបក្នុង១៣ករណីផ្សេងគ្នា ដែលក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ៨ករណី ឃាត់ខ្លួន៩នាក់, ខេត្តកណា្ដល២ករណី ឃាត់ខ្លួន៥នាក់, ខេត្តស្ទឹងត្រែង ១ករណី ឃាត់ខ្លួន ៥នាក់, ខេត្តត្បូងឃ្មុំ ១ករណី ឃាត់ខ្លួន ២នាក់ និងខេត្តពោធិ៍សាត់ ១ករណី ឃាត់ខ្លួន ២នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: