ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន

BY
Naren
April 19, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល់យោធិន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខតំណែង និងច្បាប់ លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃ របស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័ន កងឯកភាព តាមឋានានុក្រម។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា។

ការលើឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន, ការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។

សម្តេចបញ្ជាក់ថា «ការងារការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិនេះ យើងនឹងបន្តគិតគូរអំពីសមាមាត្រនៃការរើសចូលកងទ័ពក្នុងមួយឆ្នាំៗ និងការបណ្តុះបណ្តាលនាយទាហាន ពាក់ព័ន្ធសាលានាទាហានទាំង ៣កម្រិត បូកជាមួយការបណ្តុះបណ្តាលក្រៅប្រទេស ថាតើក្នុងមួយឆ្នាំ យើងត្រូវរើសទាហានសរុបប៉ុន្មាន ក្នុងពលទាហានប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ ព្រោះនាយទាហាបណ្តុះបណ្តាលរួច៤ឆ្នាំ មិនអាចថយមកជាពលទាហានវិញបានទេ អីចឹងក្នុងរយៈពេល១៥-២០ ឆ្នាំយើងធ្វើយ៉ាងណាឱ្យមានតុល្យភាពនាយទាហាន និងពលទាហាន»។

សម្តេចបន្ថែមថា នៅកម្ពុជាមានគេឆ្ងល់ថាហេតុអ្វី បានជាមាននាយទាហានច្រើន? សម្តេចឆ្លើយវិញថា បើមើលប្រវត្តិកម្ពុជាអស់លោកពិតជាបានយល់ ដោយនាយទាហានរបស់កម្ពុជាភាគច្រើន គឺសុទ្ធតែជាអ្នកដែលចូលរួម កាលៈទេសៈដែលកម្ពុជា មានសង្គ្រាម។ ប៉ុន្តែទៅថ្ងៃមុខ កម្ពុជានឹងដោះស្រាយ ដើម្បីឱ្យមានតុល្យភាពរវាងនាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងរៀបចំដឹកនាំបញ្ជា។

សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងគិតគូរ ឱ្យមានការរៀបចំនូវយោធិនកាតព្វកិច្ច ដែលពលទាហានមួយចំនួន អាចនឹងរើសចេញពីយោធិនកាតព្វកិច្ចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕​ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: