ព័ត៌មានអន្តរជាតិ

iPhone 16 មិនទាន់ចេញ ពេលនេះដំណឹង iPhone 17 Plus ចេញមកបណ្តើរៗ ជាមួយទំហំអេក្រង់តូចជាងម៉ូដែលមុនៗ

BY
Khmerpress
April 19, 2024
iPhone 16 មិនទាន់ចេញ ពេលនេះដំណឹង iPhone 17 Plus ចេញមកបណ្តើរៗ ជាមួយទំហំអេក្រង់តូចជាងម៉ូដែលមុនៗ

(បរទេស)៖ មានហេតុផលធំៗចំនួនពីរ ដែលអ្នកប្រហែលជាចង់ទិញ iPhone ម៉ូដែល Plus ជាងម៉ូដែលផ្សេងទៀតដែលដាក់លក់។ អត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ទាំងនោះ គឺថាមពលថ្មធំជាង ដែលអាចត្រូវបានកាត់បន្ថយនៅលើ iPhone 16 Plus និងមួយទៀត គឺអេក្រង់ធំជាង។ ប៉ុន្តែគួរឱ្យស្តាយ មានដំណឹងលេចលឺមកថា iPhone 17 Plus អាចនឹងមានអេក្រង់តូច ជាង iPhone 15។ នេះបើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Toms Guide នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

យោងតាមអ្នកជំនាញផ្នែកអេក្រង់លោក Ross Young មកពីស្ថាប័ន Display Suply Chain Consultant បានធ្វើការបង្ហោះនៅលើគណនី X (Twitter) របស់លោកទាក់ទងនឹងទំហំអេក្រង់ដែលនឹងត្រូវបំពាក់នៅលើ iPhone 17 Plus។ លោក Young បាននិយាយថា អេក្រង់របស់ iPhone 17 Plus នឹងមានទំហំតូចជាអេក្រង់របស់ iPhone 15 Plus បច្ចុប្បន្នដែលមានទំហំ 6.7-inch ប៉ុន្តែអ្នកជំនាញរូបនេះមិនបានបញ្ជាក់លម្អិតពីទំហំអេក្រង់របស់ iPhone 17Plus នោះទេ។

ដូចប្រិយមិត្តបានដឹងហើយថា បច្ចុប្បន្ននេះអេក្រង់របស់ iPhone 15 Plus គឺមានទំហំប៉ិនគ្នានឹងអេក្រង់របស់ iPhone 15 Pro Max។ ប្រសិនបើការលើកឡើងរបស់លោក Ross Young ជាការពិតមែននោះ មានន័យថា Apple នឹងបន្ថយទំហំអេក្រង់របស់ iPhone ម៉ូដែល Plus ឲ្យមានទំហំតូចជាងម៉ូដែល Pro Max ដោយត្រូវចាប់ផ្តើមពីជំនាន់ iPhone 17 Plus ដែលចេញនៅឆ្នាំក្រោយនេះទៅ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកជំនាញប៉ុណ្ណោះ ខណៈរូបរាងពិតប្រាកដមានតែរងចាំការប្រកាសជាផ្លូវការក្នុងឆ្នាំ២០២៥ ចំពោះ iPhone 17 Plus ខណៈពេលនេះគេនៅទន្ទឹងរងចាំការមកដល់នៃទូរស័ព្ទ iPhone 16 Series សិន ត្បិតវានឹងមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: