ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី

BY
Naren
April 20, 2024
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី។

ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង សង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏ សំខាន់របស់ជាតិដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ នាពេលកន្លងមក។ ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តភរិយា កូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: