ព័ត៌មានជាតិ

ការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិនៅអូស្ត្រាលី សិស្សឆ្នើមកម្ពុជាដណ្តើមបានលេខ ១ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ១២គ្រឿង

BY
Khmerpress
April 22, 2024
ការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិនៅអូស្ត្រាលី សិស្សឆ្នើមកម្ពុជាដណ្តើមបានលេខ ១ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ១២គ្រឿង

(ភ្នំពេញ)៖ ការពង្រឹង និងពង្រីកបន្ថែមលើវិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឱ្យគុណភាព របស់សិស្សល្អប្រសើរឡើង និងទទួលបានការសាទរ និងគាំទ្រជាខ្លាំងពីសំណាក់អាណាព្យាបាលរបស់សិស្ស ដែលបានជួយឱ្យកូនរបស់ពួកគាត់ កាន់តែមានសមត្ថភាពខ្លាំងជាងមុន ជាក់ស្តែងកូនខ្មែរចំនួន ១២នាក់ បានទៅធ្វើការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ (IMEC) នៅអូស្ត្រាលី មានសិក្សមកពី១០ប្រទេសចូលរួម ក្នុងនោះសិស្សឆ្នើមរបស់កម្ពុជា បានដណ្តើមយកបានលេខ១ សម្រាប់កម្រិតប្រឡងថ្នាក់ទី១០ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ សរុប ១២គ្រឿង។

គួរបញ្ជាក់ថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC ផ្តោតសំខាន់លើការប្រឡងគណិតវិទ្យា មាន២ជុំ វគ្គជម្រុះក្នុងស្រុក និងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអូស្ត្រាលី ហើយការទៅធ្វើការប្រកួតប្រជែងនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយសម្រាប់វគ្គជម្រុះក្នុងស្រុក មានការចូលរួមពីសិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនផងដែរ។

លើកឡើងនាឱកាសនាំយកមកនូវភាពជោគជ័យ ទទួលបានលេខ១ និងមេដាយមាសនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សិស្សឆ្នើម ម៉េង ឡាយស៊ុន បានឱ្យដឹងថា ដើម្បីឱ្យគេអាចទទួលបានមេដាយ នៅក្រៅប្រទេសនេះ មុនដំបូងយើងត្រូវតែវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ក្នុងការធ្វើលំហាត់គណិតវិទ្យាឱ្យបានច្រើន ត្រូវពង្រឹងសមត្ថភាពក្នុងការដោះស្រាយលំហាត់ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ធ្វើស្វ័យសិក្សា និងឆ្លៀតរៀនគួរបន្ថែម និងទុកពេលតិចតួចដើម្បីឆ្លៀតលេងកម្សាន្តផងដែរ។

សិស្សឆ្នើម ម៉េង ឡាយស៊ុន ក៏បានបញ្ជាក់ដែរថា រូបគេពិតមានមោទនភាពណាស់ ដែលអាចទទួលបានជោគជ័យ លើការប្រកួតប្រជែងមួយនេះ ដែលនេះក៏ជាការបង្ហាញសមត្ថភាពរបស់កូនខ្មែរ នៅលើឆាតអន្តរជាតិផងដែរ។ សិស្សឆ្នើមរូបនេះក៏បានលើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រឱ្យច្រើន និងកុំបោះបង់ការខិតខំសិក្សានៅពេល ដែលជួបឧបសគ្គបន្តិចបបន្តួច ត្រូវខិតខំបន្ថែមដើម្បីឱ្យមានចំណេះដឹងកាន់តែប្រសើរឡើង។

លោកស្រី ផុន សិរីវឌ្ឍនី ជាគ្រូបង្រៀន និងជាអាណាព្យាបាលមួយរូប បានឱ្យដឹងដែរថា រាល់ការប្រកួតប្រជែង ដើម្បីឱ្យសិស្សបានបញ្ចេញសមត្ថភាព ពិតជាមានសារៈសំខាន់ជាខ្លាំងសម្រាប់សិស្ស ហើយតាមរយៈលទ្ធផលដ៏ល្អប្រសើរ របស់សិស្សនាពេលនេះពិតជាបានសបញ្ជាក់ថា កូនខ្មែរពិតជាមានសមត្ថភាពខ្លាំងមិនចាញ់បរទេសនោះឡើយ ដូចនេះហើយសូមអាណាព្យាបាល របស់សិស្សគ្រប់រូបគប្បីជំរុញកូនខ្លួន ឱ្យមានការខិតខំសិក្សាឱ្យបានកាន់តែច្រើនថែមទៀត។

លោកស្រី ផុន សិរីវឌ្ឍនី បានបញ្ជាក់ទៀតថា ក្រោយឃើញកូនខ្មែរជាច្រើននាក់ បានចេញទៅធ្វើការប្រកួតនៅក្រៅប្រទេសជាលក្ខណៈអន្តរជាតិ ឃើញថា កូនខ្មែរ ទាំងផ្នែកបញ្ញា ស្មារតី ភាពក្លាហាននេះ គឺមិនចាញ់បរទេសនោះទេ កូនខ្មែរពិតជាអាចចូលរួមបានគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកបញ្ញា និងវប្បធម៌​ មានភាពស្មើមុខ ស្មើមាត់បរទេសបានដូចគ្នា។ សម្រាប់គុណភាពនៃការសិក្សារបស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនចាញ់កូនបរទេសនោះឡើយ ដែលទាំងនេះក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការដឹកនាំប្រទេសឱ្យមានសុខសន្តិភាពរបស់សម្តេចទាំងទ្វេរផងដែរ។

បើតាមលោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Bright សម្រាប់ការនាំសិស្សចេញ ទៅប្រកួតនៅក្រៅប្រទេស បានឱ្យដឹងដែរថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC បើកចូលរួមសម្រាប់សិស្សចាប់ពីថ្នាក់ទី៣ ដល់ទី១២ ហើយមានបេក្ខជនចូលរួម វគ្គជម្រុះក្នុងស្រុកមានចំនួន ៣៧៨នាក់ បេក្ខជនដែលបានទៅចូលរួមការប្រឡង នៅក្នុងប្រទេសមាន ១២នាក់។

លោក គង់ សាលីមីន បានបន្ថែមថា សម្រាប់បេក្ខជនចូលរួមវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសអូស្ត្រាលី មានសិស្សចូលរួមប្រកួតចំនួន ១០ប្រទេស ដែលមានបេក្ខជនចូលរួមជាង ១៥០នាក់ ហើយសម្រាប់បេក្ខជនពីកម្ពុជាទាំង ១២នាក់ បានទទួលជ័យលាភីទាំង ១២នាក់ ដោយបានទទួលមេដាយមាស៣ ជាមួយជ័យលាភីលេខ ១ មេដាយប្រាក់ ៥ និងមេដាយសំរិទ្ធ ៤។

លោក គង់ សាលីមីន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីឃើញសិស្សានុសិស្ស កម្ពុជាទទួលបានជោគជ័យយ៉ាងដូចនេះ និងបានអះអាងថា សិស្សានុសិស្សកម្ពុជា ពិតជាមានសមត្ថភាពពេញលេញ ព្រមទាំងទទួលបានឱកាសប្រកួតប្រជែង សមត្ថភាពលំដាប់ពិភពលោក។ សម្រាប់ការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC នេះ បានបង្ហាញថា សិស្សឆ្នើមរបស់កម្ពុជា ពិតជាពូកែ ខណៈកម្ពុជាទទួលបានលេខ១ និងមានមេដាយ មាស ប្រាក់ សំរឹទ្ធចំនួន ១២ ច្រើនជាងប្រទេសជិតខាងយើងថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: