ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ហាមឃាត់ការប្រើប្រាស់ពាក្យពេចន៍ និងសកម្មភាពមួយចំនួន ក្នុងការផ្សព្វផ្សាយលក់ផលិតផលទំនិញ និងសេវា

BY
Naren
April 23, 2024
ក្រសួងពាណិជ្ជកម្ម ហាមឃាត់ការប្រើប្រាស់ពាក្យពេចន៍ និងសកម្មភាពមួយចំនួន ក្នុងការផ្សព្វផ្សាយលក់ផលិតផលទំនិញ និងសេវា

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ហាមឃាត់ការផ្សព្វផ្សាយ លើពាក្យពេចន៍មួយចំនួន ដើម្បីលក់ផលិតផលទំនិញ និងសេវា ដែលមានភ្ជាប់សេចក្តី បរិយាយពាណិជ្ជកម្មមិនពិត។

ក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ត្រូវហាមឃាត់ការផ្សព្វផ្សាយ ដើម្បីលក់ផលិតផលទំនិញ និងសេវា ដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ឬមានលក្ខណៈជាអាទិ៍៖

* ជំរុញឲ្យអនីតិជនគិតអនុវត្តតាម និយាយ ឬបញ្ចេញកាយវិការផ្ទុយពីទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌ជះឥទ្ធិពលអវិជ្ជមានដល់សុខភាព សុវត្ថិភាព ឬការអភិវឌ្ឍធម្មជាតិរបស់អនីតិជន

* ប្រើពាក្យឬឃ្លា ជាអាទិ៍ ល្អបំផុត តែម្នាក់ លេខមួយ លើសគេ គ្មានគូប្រៀប ឬពាក្យដែលមានអត្ថន័យ ស្រដៀងគ្នា ដោយគ្មានឯកសារត្រឹមត្រូវ ដែលបានបញ្ជាក់ដោយក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ

* ប្រើពាក្យឬឃ្លា ជាអាទិ៍ គាស់ឈ្នះៗ កោសឈ្នះៗ ទិញឈ្នះៗ បើកឈ្នះៗ កាន់តែគាស់កាន់តែឈ្នះ គាស់ច្រើន ឈ្នះច្រើន កាន់តែកោសកាន់តែឈ្នះ ទិញ១ ថែម១ ទិញថែមៗ ឬប្រើពាក្យ ឬឃ្លា ដែលមានអត្ថន័យប្រហាក់ប្រហែល ដោយបុគ្គលធ្វើធុរកិច្ចពុំបានបញ្ជាក់ ជូនអ្នកប្រើប្រាស់អំពីប្រភេទផលិតផលទំនិញ និងសេវា ដែលត្រូវផ្ដល់ឲ្យ

* ប្រើពាក្យសម្ដី សំណេរ ឬរូបភាពនានា ដែលមានលក្ខណៈភូតកុហក បំភាន់ ឬពង្វាងការពិត អាសអាភាស ស្រើបស្រាល ពាក្យអសុរោះ

* ប្រើអត្ថបទ ឬស្ពត ដែលមានខ្លឹមសារមិនស្រប តាមលិខិតបញ្ជាក់អនុលោមភាពរបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម

* ជួល ឬបញ្ហាបុគ្គលណាម្នាក់ ឲ្យធ្វើការផ្សព្វផ្សាយភូតកុហកថា ខ្លួនបានទទួលរង្វាន់ ឬផលប្រយោជន៍ ផ្សេងទៀត ពីផលិតផលទំនិញនិងសេវាណាមួយ

* ប្រៀបធៀបផលិតផលទំនិញនិងសេវារបស់ខ្លួន ក្នុងចេតនាបង្អាប់ ឬប៉ះពាល់ជាមួយនឹងផលិតផលទំនិញ និងសេវារបស់បុគ្គលផ្សេងទៀត

* សំដែងកាយវិការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតផលទំនិញ និងសេវារបស់បុគ្គលផ្សេងទៀត បំពានបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានផ្សេងទៀត។

សូមបញ្ជាក់ថា ប្រកាសនេះ កំណត់អំពីការអនុវត្តមិនសុចរិតមួយចំនួនក្នុងធុរកិច្ច ដែលមិនមានចែងក្នុងច្បាប់ ស្តីពីកិច្ចការពារអ្នក ប្រើប្រាស់ ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: