ព័ត៌មានជាតិ

អ្នកជំនាញអារ្យធម៌ខ្មែរ អំពាវនាវឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ និងសៅលីង នៅខេត្តសៀមរាប នៅថ្ងៃស្អែក

BY
Khmerpress
April 23, 2024
អ្នកជំនាញអារ្យធម៌ខ្មែរ អំពាវនាវឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ និងសៅលីង នៅខេត្តសៀមរាប នៅថ្ងៃស្អែក

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវប្រជាពលរដ្ឋ ឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ របស់កម្ពុជា និងសៅលីង របស់ចិន នៅខេត្តសៀមរាប ដោយលោកចាត់ទុកថា នេះជាផ្នែកមួយដ៏ធំ ក្នុងការផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសទាំងពីរ លើឆាកអន្តរជាតិ។

«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» នឹងរៀបចំទ្បើងនៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧៖៣០នាទីព្រឹក ជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។

អ្នកជំនាញអារ្យធម៌ខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះជាព្រឹត្តិការណ៍ថ្មី យើងពីមុនធ្លាប់តែផ្លាស់ប្តូរសិល្បៈរវាងគ្នានឹងគ្នា ឥលូវយើងផ្លាស់ប្តូរសិល្បៈក្បាច់គុន ដែលជាក្បាច់គុន វ័យចំណាស់ទាំងពីរ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរបានស្គាល់ នេះល្អមែនទែន ដែលយើងក្បាច់គុនសៅលីង ឬកុងហ្វូនេះ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដូចជាប្រទេសនានា លើពិភពលោកបានស្គាល់»

លោក រ័ត្ន សណ្តាប់ បន្តថា «ខ្មែរមានល្បុក្កតោ ជាក្បាច់គុនចំណាស់ ហើយចិនមានកុងហ្វូ ជាក្បាច់គុនចំណាស់ ដូចគ្នា នេះបង្ហាញពីគុណតម្លៃជាសាកលដែរ។ សូមបងប្អូនយើង ទៅចូលរួមដើម្បីបានឃើញពីគុណតម្លៃនៃក្បាច់គុន ដែលមានលក្ខណៈពិសេសរៀងៗខ្លួន ព្រោះក្បាច់គុនឥលូវ បម្រើឱ្យវិស័យទេសចរណ៍ សិល្បៈ និងកាយសម្បទា»

ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់ លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។

ចំណែកឯ សៅលិញ គឺជាក្បាច់ដ៏ចំណាស់បំផុត និងល្បីបំផុត ដែលជាផ្នែកមួយនៃក្បាច់គុនកុងហ្វូរបស់ចិន។ បើតាមឯកសារចិន សៅលិញ មានប្រភពដើម និងត្រូវបានបង្កើតឡើងនៅក្នុងប្រាសាទសៅលីង ក្នុងខេត្ត Henan នៃប្រទេសចិន ក្នុងអំឡុងប្រមាណ ១៥០០ឆ្នាំមុន។

សូមជម្រាបថា ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន អាចចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: