ព័ត៌មានជាតិ

សាច់មាន់ និងគ្រឿងក្នុងមាន់ខូចគុណភាពជាង៧តោន ត្រូវដុតកម្ទេចចោល ក្រោយឈ្មួញលួចនាំចូលពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រស្រុកស្វាយចេក

BY
Naren
April 23, 2024
សាច់មាន់ និងគ្រឿងក្នុងមាន់ខូចគុណភាពជាង៧តោន ត្រូវដុតកម្ទេចចោល ក្រោយឈ្មួញលួចនាំចូលពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានសហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត២គ្រឿង ដឹកសាច់មាន់ និងគ្រឿងក្នុងមាន់ជាង៧តោន ត្រូវបានដុតកម្ទេចោល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅជាយក្រុងសិរីសោភ័ណ។

មន្ត្រីគយ និងរដ្ឋករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានប្រាប់ថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅក្បែរព្រំដែន ច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានសហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿង បានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់ និងដឹកគ្មានលក្ខណៈបច្ចេកទេស និងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។

មន្ត្រីគយ និងរដ្ឋករតំបន់៥ បានបញ្ជាក់ថា ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស ១គ្រឿង ពាក់ផ្លាក់លេខភ្នំពេញ2R-8419 និង១គ្រឿងទៀត ប្រភេទតួរីស ដូចគ្នាដែលពាក់ផ្លាក់លេខកំពត 2A-1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញាត និងដឹកគ្មានលក្ខណៈបច្ឆេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់ និងគ្រឿងក្នុងមាន់ជាង៧តោន ត្រូវបានយកទៅដុតកម្ទេចចោលនៅជាយក្រុងសិរីសោភ័ណ។

មន្ត្រីគយ និងរដ្ឋករតំបន់៥ សុំឱ្យកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់រាល់ទំនិញគេចពន្ធ និងទំនិញខូចគុណដែលឈ្មួញលួចលាក់នាំចូលពីប្រទេសជិតខាងធ្វើឱ្យបានចំណូលពន្ធរដ្ឋ និងទំនិញខូចគុណភាពធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: