ព័ត៌មានជាតិ

ផ្លូវការ! កម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV លើកដំបូង

BY
Naren
April 23, 2024
ផ្លូវការ! កម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV លើកដំបូង

(ភ្នំពេញ)៖ កម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាវាយកូនបាល់ប្រចាំតំបន់អាស៊ី/អូសេអានី កម្រិត៤ (Davis Cup Asia/Oceania Group IV Play-Off) ឆ្នាំ២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការជូនដំណឹងលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ។

ប្រភពខាងលើបានគូសបញ្ជាក់ថា បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតជើងឯកយុវជន ITF Asian Junior Championships លើកដំបូងមិនធ្លាប់មាន នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីសម្រាប់កីឡាវាយកូនបាល់កម្ពុជា ក្នុងការនាំយកព្រឹត្តិការណ៍កម្រិតពិភពលោកនេះ មករៀបចំនៅរាជធានីភ្នំពេញជាលើកដំបូង។

សម្រាប់ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ នឹងមានអត្តពលិកមកពី ៨ប្រទេសចូលរួម រួមមានក្រុមកីឡាវាយកូនបាល់គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា, អារ៉ាប់ប៊ីសាអូឌីត និងក្រុមម្ចាស់ផ្ទះកម្ពុជា។

ចំពោះការប្រកួតគ្រោងនឹងរៀបចំ នាថ្ងៃទី៨-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីកន្លែងប្រវត្តិសាស្ដ្រ សហព័ន្ធបានរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: