ព័ត៌មានជាតិ

ពលរដ្ឋម្នាក់នៅស្រុកកំពង់លែង ស្នើអភិបាលខេត្តអន្តរាគមន៍ ក្រោយចង់លក់ដីកសិកម្មមានប្លង់ទន់ និងអាស្រ័យផលតាំងពីឆ្នាំ២០០០ តែអភិបាលស្រុកមិនអនុញ្ញាត, អភិបាលស្រុកថា ជាដីតំបន់២

BY
Khmerpress
April 23, 2024
ពលរដ្ឋម្នាក់នៅស្រុកកំពង់លែង ស្នើអភិបាលខេត្តអន្តរាគមន៍ ក្រោយចង់លក់ដីកសិកម្មមានប្លង់ទន់ និងអាស្រ័យផលតាំងពីឆ្នាំ២០០០ តែអភិបាលស្រុកមិនអនុញ្ញាត, អភិបាលស្រុកថា ជាដីតំបន់២

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋម្នាក់បានស្នើទៅលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ ក្រោយចង់លក់ដីកសិកម្មមានប្លង់ទន់ និងអាស្រ័យផលតាំងពីឆ្នាំ២០០០ តែលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង មិនអនុញ្ញាតឡើយ។

ប្រជាពលរដ្ឋរូបនេះ គឺអ្នកស្រី អ៊ីង សុភាព មានទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានដីស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំ ១៨១៨១ម៉ែត្រការ៉េ បានកាន់កាប់ប្រើប្រាស់អាស្រ័យផល តាំងពីឆ្នាំ២០០០ និងត្រូវបានទទួលស្គាល់ដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងលិខិតផ្ញើជូនអភិបាលខេត្តកំពង់ឆ្នាំង និងបណ្តាញព័ត៌មាន Fresh News លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា «នាងខ្ញុំចង់លក់ដីដែលស្របច្បាប់នេះ ហើយខាងថ្នាក់ឃុំក៏ឯកភាពថាមិនអី ស្រាប់តែ លោកអភិបាលស្រុកកំពង់លែង មិនអនុញ្ញាតឡើយ»។

លោកស្រីបានបន្តថា «គ្រួសារខ្ញុំ គឺជាប្រជាពលរដ្ឋស្មោះត្រង់ ដែលរស់នៅ និងប្រកបការងារបានយ៉ាងល្អប្រសើរ ដែលជាផលកើតឡើងពីសន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការមិនឱ្យនាងខ្ញុំលក់ដី នាំឱ្យខាតប្រយោជន៍ខ្ញុំ ជាពិសេសបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ»

ចំពោះករណីនេះ លោក យ៉ែម លក្ខិណា បានប្រាប់បណ្តាញព័ត៌មាន Fresh News អះអាងថា ការមិនឱ្យលក់ ព្រោះនោះជាដីតំបន់២ ហើយអង្គភាពប្រឆាំងអំពើពុករលូយ (ACU) បានប្រាប់ឱ្យគាត់ តាមដានការទិញលក់-ដី នៅតំបន់២៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: