ព័ត៌មានជាតិ

ប្រធានរដ្ឋឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ

BY
Khmerpress
April 23, 2024
ប្រធានរដ្ឋឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ

(ភ្នំពេញ)៖ ក្នុងនាមជាប្រធានសមាជិកគណៈកម្មការទន្លេមេគង្គ​ លោក ថងលុន ស៊ី​​សូលីត ប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីហ្វូណន-តេជោ​។ គម្រោងព្រែកជីកហ្វូណន-តេជោ បានក្លាយទៅជាប្រធានបទមួយ ក្នុងចំណោម​ប្រធានបទជាច្រើនទៀត ត្រូវបានលើក​មកជជែកនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅ​ព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួប​នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ថង​លុន ស៊ីសុលីត គាំទ្រគម្រោង​ព្រែកជីកហ្វូណន-តេជោ ព្រោះមិនមាន​ប៉ះ​ពាល់ដល់បរិស្ថាន ឬរំហូរទឹ​កទន្លេ​មេ​គង្គ​នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គម្រោងព្រែកជីកនេះ ដើរតួនាទី​សំខាន់​ណាស់ សម្រាប់ការតភ្ជាប់រវាងទន្លេ ទៅកាន់​សមុទ្រ​កម្ពុជា។ បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេច​តេ​ជោ​ហើយនោះ លោកប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រគម្រោងព្រែកជីក​ហ្វូ​ណន​-​តេជោ ដោយគ្មានការអល់ឯកនោះឡើយ។

ការគាំទ្ររបស់ឡាវ គឺជាផ្នែកមួយដ៏សំខាន់ ព្រោះថាឡាវ ជាប្រទេសសមាជិក​គណៈ​កម្មការទន្លេមេគង្គ បើសិនទាមទារឱ្យមានការសម្រេចណាមួយពីបណ្តា​ប្រទេស​​តាមដងទន្លេមេគង្គ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

ទោះបីជាយ៉ាងណា គម្រោងនេះ កំពុងមានការប្រតិកម្មពីប្រទេសវៀតណាម និង​ទាម​ទារឱ្យមានការពន្យល់បន្ថែមពីភាគីកម្ពុជា។ ជាមួយគ្នានោះ អ្នកវិភាគវៀត​ណាម​​មួយចំនួន បានព្យាយាមចោទថាការជីកព្រែកនេះបម្រើដល់វិស័យយោធា​របស់​ចិន។

សម្តេចតេជោ ហ៊ុន សែន បានចេញមកច្រានចោលរាល់ការចោទប្រកាន់​ទាំង​នេះ​។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍​សេដ្ឋ​​​កិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់​សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។

សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ​មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គ​នោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: