ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលទទួលបានអនុញ្ញាត កំពុងមមាញឹករៀបចំនាំចេញដូងទៅកាន់ទីផ្សារចិន

BY
Naren
April 23, 2024
អ្នកនាំពាក្យ៖ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលទទួលបានអនុញ្ញាត កំពុងមមាញឹករៀបចំនាំចេញដូងទៅកាន់ទីផ្សារចិន

(ភ្នំពេញ)៖ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានអនុញ្ញាតឱ្យនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃ ស្របតាមនីតិវិធីបច្ចេកទេស ដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ។

គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

កញ្ញាបញ្ជាក់បន្ថែមថា ចម្ការដូង និងទីតាំងវេចខ្ចប់ ដែលទទួលបានការចុះបញ្ជីពីសំណាក់អគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូង ស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយរំពឹងថា ការនាំចេញជើងដំបូងនឹងអាចសម្រេចបាន នៅក្នុងឆ្នាំ២០២៤នេះ​៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: