ព័ត៌មានជាតិ

ព្រះមហាក្សត្រប្រុយណេ យាងមកដល់កម្ពុជាយប់នេះ ដើម្បីសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន

BY
Naren
April 29, 2024
ព្រះមហាក្សត្រប្រុយណេ យាងមកដល់កម្ពុជាយប់នេះ ដើម្បីសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកដល់កម្ពុជានៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤​នេះហើយ។ ការយាងមកកាន់កម្ពុជានាពេលនេះ ដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី​៣០ ខែមេសា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូន​ធម៌។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា ព្រះរាជដំណើររបស់​ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ​ជា​ការសោយ​ក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់​អាន​ដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោក ថាក់ ស៉ីន ជាប្អូនទី២ សម្តេចតេជោ ជាប្អូនពៅ)។

បើតាមសម្តេចតេជោ ក្នុងព្រះរាជដំណើរនេះ ខាងព្រះចៅស៊ុលតង់ មានព្រះអង្គម្ចាស់ ម៉ាទីន ដែលជាព្រះរាជ្យបុត្រ ហើយសម្តេចតេជោ មានកូនប្រុសទាំងបី រួមមាន សម្តេច​ធិប​តី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី។

សម្តេចតេជោ បញ្ជាក់ថា ក្រោយការសោយក្រយា សម្តេចនឹងដង្ហែព្រះអង្គទៅព្រលាន​យន្ត​ហោះ​ដើម្បីយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។

សម្តេចតេជោ នឹងអញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរទៅកាន់សណ្ឋាគារ។

សម្តេចតេជោ បានបញ្ជាក់ថា ការអញ្ជើញទទួលព្រះរាជដំណើរដោយផ្ទាល់បែបនេះ មិន​មានអ្វីចម្លែកនោះទេ ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេចអញ្ជើញទៅប្រុយណេ ព្រះអង្គ​បានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូន​ទៅ​​សណ្ឋាគារផងដែរ។

សម្តេចតេជោ ហ៊ុន សែន ព្រះមហាក្សត្រប្រុយណេ និងលោក ថាក់ស៊ីន គឺជាអតីតមេដឹក​នាំនៅក្នុងអាស៊ាន ដែលស្និទ្ធស្នាលនឹងគ្នាជាទីបំផុត។ មកដល់ពេលនេះ សម្រាប់​ប្រទេស​សមាជិក​​អាស៊ាន មានតែព្រះមហាក្សត្រប្រុយណេប៉ុណ្ណោះ ជាមេដឹកនាំប្រទេស​សមា​​ជិកអាស៊ាន មានព្រះជន្មចាស់វស្សា និងគ្រប់គ្រងអំណាចយូរជាងគេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: