ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន BYD មានបំណងសហការជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុន Vinfast នៅទីផ្សារវៀតណាម

BY
Khmerpress
April 30, 2024
ក្រុមហ៊ុន BYD មានបំណងសហការជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុន Vinfast នៅទីផ្សារវៀតណាម

(ហូជីមិញ)៖ ក្រុមហ៊ុនចិន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុត ក្នុងពិភពលោកចង់ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម នៅពេលក្រុមហ៊ុនដាក់លក់រថយន្តនៅវៀតណាម ក្នុងខែមិថុនាខាងមុខ ជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ក្នុងស្រុកមួយនេះ។ នេះបើយោងតាមកាសែត VN Express។

កាសែតរបស់វៀតណាមមួយនេះ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Liu Xue Liang អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកផ្នែកលក់រថយន្ត នៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ខណៈថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុនជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា ក្រុមហ៊ុនគ្រោងបើកដំណើរការបន្ទប់តាំងបង្ហាញរថយន្តដំបូងរបស់ខ្លួន នៅវៀតណាមក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងខែមិថុនាឆ្នាំនេះ ហើយឆាប់ៗនឹងពង្រីកទៅខេត្តនិងក្រុងចំនួន ២០ផ្សេងទៀត។

លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុន BYD កោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន VinFast សម្រាប់ការត្រួសត្រាយផ្លូវ ក្នុងការដាក់លក់រថយន្ត EV នៅក្នុងប្រទេសវៀតណាម។ យើងចង់សហការជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ត VinFast ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី ដោយសារទីផ្សារ [រថយន្តអគ្គិសនីវៀតណាម] នៅដំណាក់កាលចាប់ផ្តើមនៅឡើយ»

ការចែកចាយរថយន្តរបស់ក្រុមហ៊ុន BYD នៅវៀតណាមនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ BYD Auto Vietnam។ លោក Ouyang Xiaocheng នាយកប្រតិបត្តិក្រុមហ៊ុន BYD Auto Vietnam បាននិយាយថា ការពិតដែលថា ម៉ាកយីហោកាន់តែច្រើនចូលប្រទេសវៀតណាម គឺជាភស្តុតាងដែលបង្ហាញថា ទីផ្សារមានភាពទាក់ទាញខ្លាំង។

ក្រុមហ៊ុន BYD នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ជាមួយនឹងរថយន្តតូចម៉ូដែល Dolphin រថយន្ត Atto 3 និងរថយន្ត Seal ខ្នាតមធ្យម។ ប្រសិនបើការលក់រថយន្តទាំងនេះទទួលបានជោគជ័យ ក្រុមហ៊ុននឹងចេញលក់ម៉ូដែលបីទៀតនៅដំណាច់ឆ្នាំនេះគឺរថយន្ត Han, រថយន្តកូនកាត់ Song និងរថយន្តខ្នាតមធ្យម Tang។

រថយន្តទាំងនេះនឹងត្រូវនាំចូលពីប្រទេសចិន។ ប៉ុន្តែក្នុងរយៈពេលវែង ក្រុមហ៊ុនគ្រោងនឹងសាងសង់រោងចក្រនៅប្រទេសវៀតណាម។

ប្រភពដែលបានដឹងពីកិច្ចការបានប្រាប់កាសែត VnExpress ថា ក្រុមហ៊ុនមិនទាន់បង្ហាញតម្លៃនៅឡើយ ប៉ុន្តែអ្នកតំណាងរបស់ក្រុមហ៊ុនបាននិយាយថា រថយន្តទាំងនេះមានបំណងប្រកួតប្រជែងជាមួយនឹងរថយន្តប្រើម៉ាស៊ីន ចំហេះជាជាងប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីទាំងអស់ របស់ក្រុមហ៊ុន Vinfast ដោយសារអាទិភាពរបស់ក្រុមហ៊ុន BYD គឺជួយសម្រួលដល់ការផ្លាស់ប្តូរពីសាំងទៅអគ្គិសនី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: