ព័ត៌មានជាតិ

ខេត្តព្រៃវែងមានសហគ្រាសចំនួន២១១សហគ្រាស កម្មករនិយោជិកចំនួន៧៤៧៩នាក់ ដែលកំពុងបម្រើការងារ

BY
Naren
April 30, 2024
ខេត្តព្រៃវែងមានសហគ្រាសចំនួន២១១សហគ្រាស កម្មករនិយោជិកចំនួន៧៤៧៩នាក់ ដែលកំពុងបម្រើការងារ

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចូលរួមខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

លោក សួន សុម៉ាលីន បានថ្លែងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ គឺក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ-កម្មករ នៅលើពិភពលោកទាំងមូល បានតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី១៣៨ឆ្នាំមុន នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។

លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានបន្ថែមថា ជាមួយនឹងចក្ខុវិស័យដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយ ឈរលើស្មារតី មិនបោះបង់ពលរដ្ឋ ណាម្នាក់ តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។

លោកបានបញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាលបានកំណត់យក កម្មវិធីជាតិជំនួយ សង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោលនយោបាយនានា ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយមានភាពធន់ និងបរិយាប័ន្នតាមរយៈការ អភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ។

លោកបន្ថែមទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតគាំទ្រ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិនិងរក្សាឧត្តមរបេយោជន៍របជាជន។

បើយោងតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែង បានឲ្យដឹងថា នៅឆ្នាំ២០២៣ ខេត្តព្រៃវែងមានសហគ្រាសចំនួន ២១១សហគ្រាស បានចុះបញ្ជីកានៅមន្ទីរ មានកម្មករ និយោជិត សរុប ៧ ៤៧៩នាក់ ស្រី៣៩៣៣ នាក់ក្នុងនោះរួមមាន វិស័យកាត់ដេរចំនួន១០សហគ្រាស មានកម្មករ និយោជិតសរុប ២ ៤៤៤នាក់ ស្រី២១៨៤នាក់ និងវិស័យក្រៅពីកាត់ដេរចំនួន២០១សហគ្រាស មានកម្មករ-និយោជិតសរុប ៥ ០៣៥នាក់ស្រី១៧៤៩នាក់បានចុះបញ្ជីកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចូលចំនួន ៤៧សហគ្រាស សំណើចំនួន៥០ មានកម្មករ និយោជិតសរុប ២៨៤នាក់ ស្រី១០១នាក់ បានចុះបញ្ជីកាលើសេចក្តីប្រកាស ជូនដំណឹងអំពីចលនាបុគ្គលិកចេញចំនួន ៨២សហគ្រាស សំណើចំនួន៩៦ មានកម្មករ និយោជិតសរុប ២២៧នាក់ ស្រី៤៩នាក់ ព្រមទាំបានចុះទិដ្ឋាការចូលចំនួន៦នាក់ ស្រី១នាក់ ចុះទិដ្ឋាការចេញចំនួន ៦៨នាក់ ស្រី១៣នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: