ព័ត៌មានជាតិ

មន្រ្តីរដ្ឋបាលព្រៃឈើនៅខេត្តរតនគិរី ចាប់រថយន្តយីឌុបដឹកផ្លែសំរ៉ង ១គ្រឿង

BY
Khmerpress
April 30, 2024
មន្រ្តីរដ្ឋបាលព្រៃឈើនៅខេត្តរតនគិរី ចាប់រថយន្តយីឌុបដឹកផ្លែសំរ៉ង ១គ្រឿង

(រតនគិរី)៖ នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ចាប់រថយន្តយីឌុបដឹកផ្លែសំរ៉ង១គ្រឿង ពាក់ស្លាកលេខកំពង់ចាម 3A-4858 ត្រង់ចំណុចឡើងចំណោតភ្នំយោល ប្រមាណ១០០ម៉ែត្រ ស្រុកអូរជុំ ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោក ទិត្យ វី មន្ត្រីរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ដែលបានឃាត់រថយន្ត បានប្រាប់ភ្នាក់ងារ Fresh News ថា ដោយឃើញរថយន្តនេះដឹកអនុផលព្រៃឈើ «ផ្លែសំរ៉ង» គ្មានច្បាប់អនុញ្ញាតក៏ចាប់ឃាត់ទុកតែម្តង រួចរាយការណ៍ទៅថ្នាក់លើដើម្បីនាំរថយន្តដឹកបទល្មើសនេះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។

លោក ទិត្យ វីបន្ត ថា ដើម្បីរក្សាការសម្ងាត់ លោកមិនបានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ក្រោម និងសមត្ថកិច្ចពាក់ព័ន្ធទេ។

ក្នុងប្រតិបត្តិការនេះ មានការអន្តរាគមន៍ពីអ្នកធំមួយចំនួននៅខេត្តរតនគិរីឲ្យដោះលែង ដើម្បីឲ្យរថយន្តដឹកបទល្មើសបន្តដំណើរដោយរលូនទៅប្រទេសវៀតណាម។ ក្រៅពីរថយន្តយីឌុបដឹកផ្លែសំរ៉ងខាងលើនេះដែរ ក៏មានក្បួនរថយន្តសាំយ៉ុងជាច្រើនគ្រឿងសម្រុកដឹកផ្លែសំរ៉ងទៅវៀតណាមដែរ។

ជាក់ស្តែងរូបភាពជាច្រើនសន្លឹកដែលឈ្មួញវៀតណាមជួលរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយមានសមត្ថកិច្ចខិលខូចមួយចំនួននៅខេត្តរតនគិរី ជាអ្នករត់ការណ៍បើកផ្លូវដោយពុំមានច្បាប់អនុញ្ញាតដឹកជញ្ជូនអនុផលព្រៃឈើ «ផ្លែសំរ៉ង» ពីរដ្ឋបាលព្រៃឈើទេ។

ជាងនេះទៅទៀតអនុផលព្រៃឈើ «ផ្លែសំរ៉ង» ជាច្រើនរយតោនគិតជាទឹកប្រាក់ជាច្រើនលានដុល្លារគ្មានបានបង់ពន្ធជូនរដ្ឋទេ ការខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះគឺដោយសារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ហាក់មិនូវយកចិត្តទុកដាក់ប្រភេទអនុផលព្រៃឈើនោះឡើយ។

យ៉ាងណាក៏ដោយរថយន្តយីឌុបដែលផ្ទុកផ្លែសំរ៉ងពេញដែលគិតជាទឹកប្រាក់ជាច្រើនម៉ឺនដុល្លារមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ។ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ថា ជំនាញរដ្ឋបាលព្រៃឈើកំពុងស្វែងរកម្ចាស់រថយន្តមកបង់ផាកពិន័យតាមច្បាប់ស្តីពីឈើ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: