ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឱ្យប្តូរម៉ោងសិក្សា ក្នុងពេលអាកាសធាតុក្តៅហួតហែងខ្លាំង, ពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល

BY
Khmerpress
May 1, 2024
ក្រសួងអប់រំ ណែនាំឱ្យប្តូរម៉ោងសិក្សា ក្នុងពេលអាកាសធាតុក្តៅហួតហែងខ្លាំង, ពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា រដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេសនៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖

* ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០
* ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០
* ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី
* គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន
ពីផ្ទះមកទទួលទាន
* ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង
អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: