ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន ត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ បច្ចុប្បន្នរត់បានលឿន

BY
Khmerpress
May 1, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន ត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ បច្ចុប្បន្នរត់បានលឿន

(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្ដព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន អ្វីដែលត្រូវគិត គឺត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ ដែលប្រទេសកម្ពុជា មានបច្ចុប្បន្នរត់បានលឿន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំអាលគិតរឿង រទេះភ្លើងល្បឿនលឿន ថ្លៃណាស់ទុកថ្ងៃក្រោយ ធ្វើម៉េចឲ្យប្រសើរឡើងនូវផ្លូវដែក ដែលយើងមានស្រាប់ ដើម្បីធានានូវការ ដឹកជញ្ជូនទាំងមនុស្ស-ទាំងទំនិញ»

បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, បច្ចុប្បន្នកម្ពុជា មានផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ នៅភាគខាងជើង ចេញពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងខ្សែទី២ នៅភាគខាងត្បូង ចេញពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់ថា ទូររថភ្លើងល្បឿនលឿន ដែលក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង នាំចូលមកថ្មីនេះ ជិះទៅស្រួល ហើយផ្តល់នូវបទពិសោធន៍ថ្មី សម្រាប់អ្នកដំណើរតាមរថភ្លើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវដែក គឺមានតិច ដែលមកតាមកុងតឺន័រ បើគិតជាចំនួន បានតែ៦-៧ភាគរយ តែប៉ុណ្ណោះ នៃទំនិញដែលដឹកនៅកំពង់ផែ ដូច្នេះត្រូវពង្រឹង លើការដឹកទំនិញ នៅតាមផ្លូវដែកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យក្រសួងសាធារណៈ និងដឹកជញ្ជូន ពិនិត្យមើលលើបញ្ហាសុវត្ថិភាព ដែលត្រូវធ្វើជាបន្ទាន់ ចំពោះកន្លែងណា ដែលអាចធ្វើទៅបាន ហើយក៏សុំឲ្យបងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវផងដែរ។

សូមជម្រាបថា ទូររថភ្លើងល្បឿនលឿន ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ដែលរថភ្លើងទាំង១១គ្រឿងនេះ ត្រូវបានក្រុមហ៊ុនបញ្ជាទិញពីប្រទេសជប៉ុន ហើយទើបមកដល់កម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ផ្នែកខាងក្នុងនៃទូររថភ្លើងនេះ មានបំពាក់ឲ្យកៅអីពូក ហើយផ្នែកខាងក្រោមក្រាលដោយព្រំ ប្រកបដោយផាសុកភាព សម្រាប់អ្នកដំណើរ។ អ្វីដែលពិសេសនោះ ទូររថភ្លើងនេះ មានបំពាក់នៅទូរទឹកកក កន្លែងលាងដៃ ព្រមទាំងមានបរិក្ខារមួយចំនួនទៀត ដែលផ្តល់នូវបទពិសោធន៍ថ្មី សម្រាប់អ្នកដំណើរតាមរថភ្លើង។

ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីបម្រើសេវាដឹកជញ្ជូនអ្នកដំណើរ លើផ្លូវរថភ្លើងទាំង២ខ្សែ គឺខ្សែទី១ ពីភ្នំពេញទៅព្រះសីហនុ និងទី២ ពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: