ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្លាក់ចំណូលពន្ធគយ ពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ, ការវិនិយោគក្នុងស្រុកទើបសំខាន់ ដោយបានផ្តល់ការងារ និងជំនាញ ហើយចំណូលពន្ធចូលទៅពន្ធដារ

BY
Naren
May 2, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្លាក់ចំណូលពន្ធគយ ពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ, ការវិនិយោគក្នុងស្រុកទើបសំខាន់ ដោយបានផ្តល់ការងារ និងជំនាញ ហើយចំណូលពន្ធចូលទៅពន្ធដារ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា រីករាយ និងស្វាគមន៍ចំពោះការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការបង្កើតរោងចក្រដំឡើងរថយន្តផងដែរ។

សម្តេចធិបតីចាត់ទុកការធ្លាក់ចុះនៃពន្ធនាំចូលរថយន្ត ជំនួសវិញដោយការបង្កើតរោងចក្រដំឡើងរថយន្ត ប្រៀបបាននឹងការយកលុយពីហោប៉ាវម្ខាង ទៅដាក់នៅហោប៉ាវម្ខាងទៀតដូច្នេះដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្លាក់ចំណូលពន្ធគយពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុក បានផ្តល់ឱកាសការងារ និងជំនាញដល់ប្រជាពលរដ្ឋខ្មែរ ហើយនៅពេលដែលក្រុមហ៊ុនលក់រថយន្តបានប្រាក់ចំណូលនោះ នឹងបង់ពន្ធជូនរដ្ឋ តាមរយៈពន្ធដារ។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ការបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា នឹងជួយឱ្យប្រជាពលរដ្ឋអាចទិញរថយន្ត ទៅប្រើប្រាស់បានក្នុងតម្លៃទាបជាងការនាំចូល ដោយសារក្រុមហ៊ុនទទួលបាននូវការអនុគ្រោះមួយចំនួន ពីរាជរដ្ឋាភិបាល។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

សម្តេចបានថ្លែងដូច្នេះថា «រថយន្តបង្កើតដោយក្រុមហ៊ុន Toyota បង្កើតនៅទីនេះ អត់យកពន្ធនាំចូល អាចលក់បានថ្លៃសមរម្យ ប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីដែលផលិតក្នុងស្រុកយើងតម្លៃសមរម្យ នេះគឺជាអ្វីដែលខ្ញុំនិយាយថា ឯកឧត្តម គុណ ញឹម កុំអន់ចិត្ត គង់តែចូលមកឯកឧត្តម គង់ វិបុល ទេ ព្រោះពេលដែលរថយន្តដើរ លក់ផលិតផលប្រជាជនទិញច្រើន ចំណូលដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនបង់ពន្ធចូលមកវិញ»។

សូមជម្រាបថា ចំណូលបានពីការនាំចូលយានយន្ត និងគ្រឿងចក្រជាប្រភពចំណូលចំបង របស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ កាលពីឆ្នាំ២០១៩ ចំណូលពីការនាំចូលយានយន្ត រួមចំណែក ៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ហើយមកដល់ឆ្នាំ២០២៣ ចំណូលគយបានពីការនាំចូលយានយន្ត និងគ្រឿងចក្រមានជាង ២២០លានដុល្លារ ឬស្មើនឹង ៣១.១% នៃចំណូលសរុប៕ ផ្តល់សិទ្ធិដោយ៖Fresh News

Share This Post: