ព័ត៌មានអន្តរជាតិ

របបសឹកមីយ៉ាន់ម៉ា ហាមប្រុសៗ ចេញទៅធ្វើការនៅក្រៅប្រទេស

BY
Naren
May 3, 2024
របបសឹកមីយ៉ាន់ម៉ា ហាមប្រុសៗ ចេញទៅធ្វើការនៅក្រៅប្រទេស

(យ៉ាងហ្គន)៖ របបសឹកមីយ៉ាន់ម៉ា បានចេញសេចក្ដីប្រកាសហាមឃាត់បុរសដាក់ពាក្យស្នើសុំទៅធ្វើការនៅក្រៅប្រទេស តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាត្វកិច្ចយោធាមួយដែលបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ព្យាយាមរត់ចេញក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីប្រកាសចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការងារមីយ៉ាន់ម៉ាបានផ្អាកជាបណ្ដោះអាសន្ននូវការទទួលយកពាក្យស្នើសុំពីបុរសៗ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។

របបសឹកមីយ៉ាន់ម៉ា ដែលកំពុងជួបផលលំបាកក្នុងការទប់ស្កាត់ការរីកសាយកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរបបដឹកនាំរបស់ខ្លួន កាលពីខែកុម្ភៈកន្លងទៅ បាននិយាយថានឹងអនុវត្តកាតព្វកិច្ចយោធាដែលតម្រូវឱ្យបុរសៗទាំងអស់ចូលបម្រើក្នុងជួរកងទ័ពយ៉ាងហោចរយៈពេល ២ឆ្នាំ។ ប៉ុន្តែ ព្រមពេលជាមួយគ្នានឹង ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធានេះ ប្រជាជនរាប់ម៉ឺននាក់តម្រង់ជួរស្នើសុំទិដ្ឋាការនៅក្រៅបណ្ដាប្រទេសស្ថានទូតបរទេសនៅក្នុងទីក្រុងយ៉ាងហ្គន និងខ្លះ ទៀតព្យាយាមរត់ឆ្លងដែនចូលទៅកាន់ប្រទេសជិតខាងគឺថៃ។

គួរបញ្ជាក់ថា ប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ៤លាននាក់បានទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២០។ ច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានតាក់តែង ឡើង ដោយរបបសឹកពីមុន ក្នុងឆ្នាំ២០១០មកម្ល៉េះ តែមិនដែលដាក់ឱ្យអនុវត្តឡើយ។ ក្រោមច្បាប់នេះដែរ យោធាអាចកោះហៅបុរសមានអាយុចាប់ពី១៨ ដល់៣៥ឆ្នាំ និងស្ត្រីចាប់ពី១៨ ដល់២៧ឆ្នាំ ចូលបម្រើកងទ័ពយ៉ាងហោចរយៈពេល ២ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: