ព័ត៌មានអន្តរជាតិ

វៀតណាមនឹងផលិតស្រូវឱ្យបានគ្រប់គ្រាន់ សម្រាប់ការនាំចេញអង្ករចំនួន ៨លានតោន

BY
Khmerpress
May 4, 2024
វៀតណាមនឹងផលិតស្រូវឱ្យបានគ្រប់គ្រាន់ សម្រាប់ការនាំចេញអង្ករចំនួន ៨លានតោន

(ហូជីមិញ)៖ វៀតណាមរំពឹងថានឹងផលិតស្រូវបានចំនួន ៤៣លានតោននៅឆ្នាំនេះ ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនាំចេញអង្ករជាង ៨លានតោននិងការប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៤ វៀតណាមរកចំណូលបាន ២,០៨ពាន់លានដុល្លារពីការនាំចេញអង្ករចំនួន ៣,២៣លានតោនទៅបរទេស កើនឡើង ៣៦,៥% បើគិតជាតម្លៃ និង ១១,៧% បើគិតជាបរិមាណធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងតម្លៃកើតមានឡើងដោយសារកំណើនតម្លៃអង្ករ ដែលបាននាំចេញចំនួន២២,២% ដល់ ៦៤៤ដុល្លារក្នុងមួយតោនចាប់តាំងពីដើមឆ្នាំនេះ។

យោងតាមកាសែត VN Express របាយការណ៍នានា នៅក្នុងសន្និសីទនាពេលថ្មីៗនេះ ស្តីពីការនាំចេញអង្ករនៅទីក្រុងកាន់ថឺ ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គបង្ហាញថា ដោយសារឥទ្ធិពលអ៊ែលនីញ៉ូ និងបម្រែបម្រួលអាកាសធាតុ ទិន្នផលស្រូវសកលក្នុងដំណាំឆ្នាំ២០២៣-២០២៤ ត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ជិត ៥១៨លានតោន ខណៈដែលតម្រូវការប្រើប្រាស់មានចំនួន ៥២៥លានតោន ដែលមានន័យថាពិភពលោកនឹងប្រឈមការខ្វះខាតស្រូវប្រហែល ៧លានតោននៅឆ្នាំនេះ។

បរិមាណអង្ករសរុបសម្រាប់ការនាំចេញ នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាមជ្ឈមណ្ឌលផលិតស្រូវធំបំផុត របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ប្រហែល ៧,៦លានតោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: