ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និងទេសចរណ៍ និយមរកងាវហូល នៅសហគមន៍ព្រៃកោងកាងអូរក្រសារ ខេត្តកែប ពេលព្រឹកទឹកសមុទ្រនាច

BY
Khmerpress
May 4, 2024
ប្រជាពលរដ្ឋ និងទេសចរណ៍ និយមរកងាវហូល នៅសហគមន៍ព្រៃកោងកាងអូរក្រសារ ខេត្តកែប ពេលព្រឹកទឹកសមុទ្រនាច

(កែប)៖ ចាប់ពីព្រឹកព្រឹលឹមស្រាងៗ នៅពេលទឹកសមុទ្របាននាចចុះ បន្សល់ទុកទៅដោយវាលខ្សាច់ល្វឹងល្វីយ បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ព្រៃកោងកាងអូរក្រសារ ក្នុងភូមិអ្នកចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលពេលខ្លះរួមទាំងភ្ញៀវទេសចរផង តែងតែនិយមនាំគ្នាមករកងាវហូល (អ្នកខ្លះហៅលៀសហូល)។

យុវតីម្នាក់ដែលកើតក្នុងគ្រួសារជាអ្នកនេសាទ ដែលបានទៅរកងាវហូល ដូចគ្នាជាមួយប្រជាពលរដ្ឋផ្សេងៗទៀត បាននិយាយថា ព្រឹកៗឡើងប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ តែងតែនាំគ្នាមករកងាវហូលនេះជាប្រចាំ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។

យុវតីដែលឆ្លៀតពេលថ្ងៃសម្រាកពីការសិក្សាមករកងាវហូល ដើម្បីជួយសម្រាលជីវភាពគ្រួសារ បាននិយាយទៀតថា ពេលវេលាដែលរកងាវហូលនេះ គឺពេលទឹកសមុទ្រនាច ដែលចាប់ពីពេលព្រឹករហូតដល់ម៉ោងប្រមាណជាង១១ព្រឹក ពេលដែលទឹកសមុទ្រចាប់ផ្តើមជោរមកវិញ។

ចំពោះវិធីសាស្ត្រនៃការរកងាវហូលនេះ ប្រជាពលរដ្ឋអាចប្រើកង្វារខ្វារដីខ្សាច់ និងអ្នកខ្លះប្រើវែកបាយកាយខ្សាច់ ពេលប៉ះងាវនេះលឺសម្លេង ពួកគាត់ដឹងថាជាងាវ។ ក្នុងមួយព្រឹកនេះ បងប្អូនប្រជាពលរដ្ឋអាចរកងាវហូលនេះពីខ្ទង់៣គីឡូក្រាម ទៅ១០គីឡូក្រាម ដោយក្នុង១គីឡូក្រាមអាចលក់បានតម្លៃ ៤០០0រៀល ទៅ៥០០០រៀល។

ចំពោះមុខប្ហូបដែលប្រើប្រាស់ងាវហូល បានគឺអាចយកទៅឆាប្រៃផ្អែម ឆាអំពិលទុំ ហើយពិសេសនោះ គឺស្ងោរជ្រក់ដ៏មានឱជារស។

សហគមន៍ព្រៃកោងកាងអូរក្រសារ ក៏ជាកន្លែងដែលទេសចរណ៍ចូលចិត្តទៅទស្សនា និងលំហែអារម្មណ៍ ដោយការរកងាវហូលនេះផងដែរ ដោយពួកគាត់អាចទទួលបាននូវបទពិសោធន៍ថ្មីមួយ។ ក្រៅពេកការរកងាវហូលនេះ គេក៏បានឃើញប្រជាសហគមន៍ នាំគ្នារាវរកបង្ការនៅតាមមាត់ព្រែកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: