ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោរួចអស់ហើយ ប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុត

BY
Khmerpress
May 4, 2024
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោរួចអស់ហើយ ប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុត

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយអ្នកជំនាញអន្តរជាតិមកពីគ្រប់ភាគីពាក់ព័ន្ធប្រមាណជិត៥០នាក់ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោរួចអស់ហើយ ប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធតិចណាស់ ពោលគឺគម្រោងនេះមានផលប៉ះពាល់តិចតួចបំផុត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងយ៉ាងដូចនេះក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរវាងលោកជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងដូចនេះថា «ផលប៉ះពាល់មានប៉ុន្មានយើងខ្ញុំមានទាំងអស់ហើយ មានផ្ទះប៉ុន្មាន? ដីស្រែប៉ុន្មាន? យើងខ្ញុំមានអស់ហើយ យើងខ្ញុំថតបានអស់ហើយ[..] ចឹងយើងខ្ញុំមានទាំងអស់ហើយ ចឹងផលប៉ះពាល់ប្រហែលជា១៥០០ខ្នង ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន១៤៩.៥ហិចតា ផ្លូវជាតិ១៨ខ្សែ ប្រវែង៤គីឡូម៉ែត្រ ផ្លូវលំ៧០ខ្សែ ប្រវែង៤៥គីឡូម៉ែត្រ ទំនប់ទឹក២ខ្សែ ប្រឡាយទឹក១៣ខ្សែ ដីស្រែ២.៩ពាន់ហិចតា»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដីស្រែ២.៩ពាន់ហិចតា បើមើលតាម Google សុទ្ធតែទឹកទាំងអស់ ដូចនេះគម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានផលប៉ះពាល់អីធ្ងន់ធ្ងរនោះទេ គឺមានផលប៉ះពាល់តិចតួចណាស់ បើធៀបនឹងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ភ្នំពេញទៅបាវិត គឺគម្រោងព្រែកជីកហ្វូណនតេជោនេះមានផលប៉ះពាល់យតិចណាស់ ដោយសារសុទ្ធតែវាលស្រែ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា បើតាមការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ចលើគម្រោងវិនិយោគព្រែកជីកហ្វូណនតេជោនេះ ជាក់ស្តែងនៅតាមដងព្រែកជីកនេះនឹងអាចមានអគាពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ និងបង្កើនចំណូលពីវិស័យនគរូបណីយកម្មនិងសំណង់ វិស័យអចលនទ្រព្យ ដើម្បីបង្កើនចំនូលពន្ធដារ និងផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋផងដែរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងផលប៉ះពាល់នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជួនឯកសារទាំងអស់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផែនទីពាក់ព័ន្ធ ដែលមានតួនាទីដោះស្រាយផលប៉ះពាល់ទៅតាមច្បាប់ ដែលកិច្ចការងារនេះបានអនុវត្តរួចមកហើយចំពោះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និងផ្លូវផ្សេងៗទៀត ពោលគឺគ្មានបញ្ញាធំដុំនោះទេ។ ការចំណាយ ការផ្ដល់សំណងប៉ុន្មានប៉ុនណានោះ ក៏ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកវាយតម្លៃ។

លោកឧបនាយករដ្ឋមន្ត្រីបានសំណូមពរថា កុំរត់ទៅទិញដីនៅតាមបណ្ដោយព្រែកទាំងនោះឱ្យសោះ ព្រោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យបង្កកដីទាំងនោះអស់ហើយ ផ្ទុយទៅវិញសូមចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើគម្រោងព្រែកជីកហ្វូណន-តេជោនេះឱ្យបាន។

គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។ គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: