ព័ត៌មានជាតិ

អបអរសាទរ! ខួប ១ឆ្នាំ នៃមហាជោគជ័យដ៏អស្ចារ្យ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, លោក វ៉ាត់ ចំរើន អំពាវនាវឲ្យកូនខ្មែរគ្រប់ជំនាន់ ចាត់ទុកថ្ងៃទី០៥-ឧសភា គឺជាទិវាចងចាំ

BY
Nisaiy KP
May 5, 2024
អបអរសាទរ! ខួប ១ឆ្នាំ នៃមហាជោគជ័យដ៏អស្ចារ្យ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, លោក វ៉ាត់ ចំរើន អំពាវនាវឲ្យកូនខ្មែរគ្រប់ជំនាន់ ចាត់ទុកថ្ងៃទី០៥-ឧសភា គឺជាទិវាចងចាំ

(ភ្នំពេញ)៖ ថ្ងៃនេះ កាលពីឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ហើយក៏ជាពេលវេលាដ៏រំភើប ក្ដុកក្ដួល និងអស្ចារ្យបំផុត ដែលបង្ហាញថា «ខ្មែរអាចធ្វើបាន» ទៅកាន់ពិភពលោក តាមរយៈពិធីបើកមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមថ្ងៃនេះ គឺជាគម្រប់ខួប ១ឆ្នាំគត់ ដែលបានបន្សល់នូវមោទនភាពជាតិ និងការចងចាំជានិច្ចនូវរាល់អនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រខាងលើ ដែលបានកើតឡើង កាលពី ១ឆ្នាំមុន ដោយសារការខិតខំប្រឹងប្រែង និងលះបង់ចូលរួមរៀបចំពីថ្នាក់ដឹកនាំកំពូលៗ និងស្ថាប័នពាក់ព័ន្ធជាច្រើន ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន CAMSOC និងលោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ដ្រៃយ៍ ពិសេសក្រោមអគ្គមគ្គុទេសក៏ប្រកបដោយគតិបណ្ឌិតដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន។

ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលដ៏អស្ចារ្យនេះ មិនមែនជាកម្មសិទ្ធិរបស់សម្ដេច ឬរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឡើយ តែជាសមិទ្ធផលរួមរបស់ប្រជាជាតិខ្មែរទាំងមូល។ នេះជាអ្វីដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំ ចំពោះមោទនភាពជាតិ និងភាពជឿជាក់ថា កម្ពុជាបានឈានដល់យុគសម័យថ្មី ក្នុងសម័យតេជោ សែន ឆ្នាំ២០២៣ ដែលនាំឲ្យពិភពលោកភ្ញាក់ផ្អើល ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រដ៏ជោគជ័យត្រចះត្រចង់។


រដ្ឋលេខាធិការក្រសួងអប់រំដដែលបន្ដថា ក្រៅពីដាក់ចូលជាសមិទ្ធផលជាតិដ៏ធំមួយ សម្រាប់ឆ្នាំ២០២៣ ដើម្បីជាសក្ដីកម្មមួយ ក្នុងការលើកតម្លៃ និងមុខមាត់ជាតិ មរតកស៊ីហ្គេមនេះ ត្រូវបានគ្រប់ក្រសួង-ស្ថាប័ន ពិសេសរាជរដ្ឋាភិបាលអាណត្ដិថ្មី ដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត លើកឡើងស្ទើរគ្រប់ពេលវេលាពីសមិទ្ធផលដ៏អស្ចារ្យនេះ ហើយថ្នាក់ដឹកនាំចលនាអូឡាំពិកកម្ពុជា ក៏បាផ្សព្វផ្សាយរាល់ជំនួបជាតិ និងអន្ដរជាតិនានា ដោយអន្ដរជាតិ បានស្ញើចសរសើរមិនដាច់ពីមាត់ សូម្បីមកទល់បច្ចុប្បន្ន ទាំងក្របខណ្ឌ OCA និង IOC។

«យើងបានយកសមិទ្ធផលស៊ីហ្គេមនេះ ទៅផ្សព្វផ្សាយ ឬយកទៅអួតប្រាប់គេថា យើងពិតជាធ្វើបានល្អ ពិតជាធ្វើបានអស្ចារ្យ ហើយរាល់កិច្ចប្រជុំទាំងអស់ គ្រប់បណ្ដាប្រទេសចូលរួម សុទ្ធតែបានទទួលស្គាល់ ចំពោះភាពអស្ចារ្យនេះ ហើយគេតែងយកកម្ពុជាធ្វើជានិមិត្ដរូបមួយ ក្នុងការផ្សព្វផ្សាយថា កម្ពុជាធ្វើបានល្អក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្ដរជាតិ រហូតមានការកត់ត្រាក្នុងកំណត់ត្រាប្រវត្តិសាស្ដ្រថា កម្ពុជាពិតជាគំរូដ៏ល្អសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអន្ដរជាតិ នៅក្នុងប្រទេសផ្សេងទៀត គឺអាចយកគំរូតាមបាន»។ លោក វ៉ាត់ ចំរើន បន្ថែម។

ដោយហេតុនេះ ប្រតិបត្តិករកីឡាដ៏ឆ្នើមខាងលើ បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចាត់ទុកថ្ងៃទី០៥ ខែឧសភា គឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ជារៀងរាល់ឆ្នាំ មិនមែនអស្ចារ្យតែត្រឹមឆ្នាំ២០២៣ នោះទេ ហើយថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធកីឡា ពិសេស NOCC នឹងរៀបចំឲ្យមានសកម្មភាពរំឮកខួបអនុស្សាវរីយ៍នេះជារៀងរាល់ឆ្នាំ ព្រមទាំងរៀបចំឲ្យមានសៀវភៅកំណត់ត្រាអនុស្សាវរីយ៍ ឬ Legacy Book មួយ ដែលគ្រោងចេញផ្សាយនាពេលឆាប់ៗខាងមុខ។

លោក វ៉ាត់ ចំរើន បន្ដថា «យើងខ្ញុំទាំងអស់គ្នា ជាពិសេសចលនាអូឡាំពិកជាតិទាំងមូល សូមអំពាវនាវ និងស្នើសុំធ្វើយ៉ាងណាឲ្យថ្ងៃទី០៥ ខែឧសភា ក្លាយទៅជាទិវាចងចាំ ក្លាយជាការរំឮក ក្លាយជាការដាស់តឿន ហើយក្លាយជាថ្ងៃមួយ បង្ហាញអំពីអនុស្សាវរីយ៍ នៃភាពអស្ចារ្យក្នុងប្រទេសជាតិរបស់យើង រៀងរាល់ឆ្នាំ។ គម្រប់ខួប ១ឆ្នាំ នៃស៊ីហ្គេម គ្រាន់តែជាការរំឮកឡើងវិញ តែសូមឲ្យមានការគាំទ្របន្ថែម និងសូមទុកសមិទ្ធផលនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ ជាវត្ថុតាង ឬជាសក្ខីកម្មមួយរបស់កម្ពុជា ក្នុងការបង្កើន និងជំរុញទឹកចិត្ត នៃមោទនភាពជាតិទាំងអស់គ្នា»។

ចុងក្រោយលោកបានគូសបញ្ជាក់ថា ភាពជោគជ័យដ៏ត្រចះត្រចង់ នៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គ្រាន់តែជាជំហានដំបូង សម្រាប់ព្រឹត្តិការណ៍ថ្នាក់តំបន់ តែកម្ពុជានៅមានបេសកកម្មជាច្រើនទៀត ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបវិញម្ដង គឺការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ក៏ដូចជាក្ដីស្រម៉ៃចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រោយឆ្នាំ២០៥០ ដែលត្រូវបានរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ដ្រ ឆ្នាំ២០៥០ កម្ពុជា នឹងក្លាយជាប្រទេសចំណូលខ្ពស់។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី ត្រូវបន្ដខិតខំ ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យថ្មីៗជូនជាតិបន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews










Share This Post: