ព័ត៌មានជាតិ

ធនាគារ Bank SinoPac របស់កោះតៃវ៉ាន់ ប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត ១០០%

BY
Khmerpress
May 6, 2024
ធនាគារ Bank SinoPac របស់កោះតៃវ៉ាន់ ប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត ១០០%

(ភ្នំពេញ)៖ ក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings និងធនាគារ Bank SinoPac ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ១០០ភាគរយ។

ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជានេះ នឹងធ្វើឡើងជា ៣ដំណាក់កាល ដោយដំណាក់កាលទីមួយនឹងទិញយក ៨០ភាគរយក្នុងតម្លៃប្រហែល ៤៣៥លានដុល្លារអាមេរិក ខណៈដែលដំណាក់កាលទី២ និងទី៣ នឹងទិញយក ១០ភាគរយដូចគ្នា នៅដំណាច់ឆ្នាំទី១ និងឆ្នាំទី២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន SinoPac Holdings កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ធ្វើឡើងទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ដោយយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធស្រ្តចម្បងទាំង៤ របស់ក្រុមហ៊ុន គឺដើម្បី «បង្កើនប្រាក់ចំណូលនៅបរទេស និងពង្រីកវត្តមានអន្តរជាតិរបស់យើង»។

ក្រុមហ៊ុន SinoPac Holdings បានឱ្យដឹងថា «សេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ច ដែលមានកំណើតខ្ពស់បំផុតមួយនៅតំបន់អាស៊ី ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅចន្លោះពីឆ្នាំ២០២៣-២០២៨ នឹងមានកំណើនជាមធ្យមចំនួន ៦,៣ភាគរយក្នុងមួយឆ្នាំ។ កម្ពុជាក៏ជាប្រទេស ដែលមានប្រជាសាស្រ្តដ៏ទាក់ទាញបំផុតមួយផងដែរនៅអាស៊ី ដែលនឹងជួយគាំទ្រដល់កំណើនរយៈពេលវែង»

ទោះជាយ៉ាងណា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះ បានឱ្យដឹងថា ការទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលរបស់ខ្លួនរួចហើយនោះ ត្រូវឆ្លងកាត់ដំណាក់កាល និងលក្ខខណ្ឌនានារួមមានទាំងការអនុម័ តស្របតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធផ្សេងៗផងដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំបំផុតរបស់កម្ពុជា បើគិតលើទ្រព្យសកម្មសរុប។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអម្រិតមានសាខាប្រតិបត្តិការចំនួន ១៥០ ក្នុង ២៤ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុបចំនួន ២ពាន់លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា ធនាគារ Bank SinoPac ដែលជាកំពុងផ្តល់ឥណទានស្រាប់ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតតាំងពីឆ្នាំ២០១៧ មកនោះ នឹងមានលទ្ធភាពពង្រីកបណ្តាញសេវាកម្ម នៅបរទេសរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការទិញលក់នេះ ហើយធនធាន និងជំនាញរបស់ក្រុមហ៊ុនរួមផ្សំនឹងផលិតផល ដែលមានស្រាប់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត នឹងជួយឱ្យអម្រិតផ្តល់សេវាហិរញ្ញវត្ថុកាន់តែមានភាពសម្បូរបែប និងមានភាពងាយស្រួល៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: