ព័ត៌មានជាតិ

៤ខែឆ្នាំនេះ ខេត្ដព្រៃវៃង នាំចេញស្រូវបានជាង១.២លានតោន ទទួលបានចំណូលជាង៣៦៥លានដុល្លារ

BY
Khmerpress
May 6, 2024
៤ខែឆ្នាំនេះ ខេត្ដព្រៃវៃង នាំចេញស្រូវបានជាង១.២លានតោន ទទួលបានចំណូលជាង៣៦៥លានដុល្លារ

(ព្រៃវែង)៖ ខេត្តព្រៃវែង បាននាំចេញស្រូវក្រៅផ្លូវការ ទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន១,២៣៦,១៧៥តោន (រួមទាំងស្រូវឆ្លងកាត់) ក្នុងនោះ តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ១,១៨០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១,១៦០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប៣៦៥,០៧២,៩៨១ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន២៤,៨៥៧តោន ចំណូលសរុប៦,៧៨៣,៣៩៤ដុល្លារ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤) បញ្ចប់អនុវត្តបានលើផ្ទៃដីព្រោះសរុប១៥៧,១៤១ហិកតា (ស្ទូងគ្មាន) ស្មើនឹង២០៩.៥២% នៃផែនការ៧៥,០០០ហិកតាក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា ៦៦,១៩១ហិកតា ស្មើនឹង៤២.១២% នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង៣៧,៧៧២ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលសរុប១៥៧,១៤១ហិកតា ស្មើនឹង១០០.០០%នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា បរិមាណផលសរុប៧៦២,៣៦៧តោន។

លោកបានបន្តថា ផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង (គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤) បញ្ចប់ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប១,៥១២ហិកតា ស្មើនឹង១៩១.៣៩% នៃផែនការ៧៩០ហិកតា។ ប្រមូលផលសរុប១,៥១២ហិកតា បរិមាណផលសរុប២១,៩៦៤តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប៣,២៨៧ហិកតា ស្មើនឹង៦៤.៣៩% នៃផែនការ៥,១០៥ហិកតា។ ប្រមូលផលសរុប៣,២៨៧ហិកតា បរិមាណផលសរុប៥៦,៦១៩តោន។

ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា បរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន៨៩ ៨០៩តោន (រួមទាំងស្វាយឆ្លងកាត់)។ តម្លៃផ្លែស្វាយ ជាមធ្យម៥០៥រៀលគីឡូក្រាម ចំណូលសរុប១៤,៤៦៨,៣២៥ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន៦,៩៣៧តោន ចំណូលសរុប ៨៥៣,៩៤៤ដុល្លារ។

សូមបញ្ជាក់ថា ការនាំស្រូវចេញ ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារពីរសំខាន់ គឺច្រកទ្វាអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: