ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និង លើសកលលោក

BY
Khmerpress
May 7, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និង លើសកលលោក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និង លើសកលលោក ។ មុនវិបត្តិនៃជំងឺកូវីដ-១៩, កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងខាងមុខ។

នេះជាការថ្លែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ” នាព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា មួយចំណែកធំនៃកំណើនខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម ។ ជាក់ស្ដែង, ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣%ក្នុងចន្លោះឆ្នាំ ២០១៧ដល់ឆ្នាំ ២០២៣, និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាម៉េរិក, ឬ ស្មើនឹង៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣ ។

ក្នុងត្រីមាសទី ១ នៃឆ្នាំ២០២៤, និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ ១៧,២% ។ក្នុងន័យនេះ, រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវ គោលនយោបាយ,យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់, ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការអនុវត្តជាក់ស្តែង ជាបន្តបន្ទាប់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានខិតខំធ្វើទំនើបកម្មជាច្រើន លើការងារសំខាន់ៗរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ម្យ៉ាងដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់ខ្លួន និងម៉្យាងទៀតក្នុងគោលបំណងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និង ពង្រីកវិសាលភាពទីផ្សារ និង កាលានុវត្តភាពសេដ្ឋកិច្ច សម្រាប់កម្ពុជាតាមរយៈការកាត់បន្ថយនីតិវិធីរដ្ឋបាល និង ចំណាយលើសេវាសាធារណៈ និងជាពិសេសការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការពាណិជ្ជកម្មរបស់វិស័យឯកជន។ ស្របតាមនិន្នាការតំបន់ និង សកល រាជរដ្ឋាភិបាល បានកំណត់យកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល កាតាលីករគន្លឹះមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាក់ស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជ ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យ កសាងសេដ្ឋកិច្ច, សង្គម និង រដ្ឋាភិបាលឌីជីថល រស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការចាប់យក និង ការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់ស្ថាប័ន រដ្ឋ និង ឯកជន។

បន្ថែមលើនេះ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានបន្ថែម «បច្ចេកវិទ្យា» ជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និង មធ្យោបាយ ដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ទន្ទឹមនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការកែសម្រួលនិង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: