ព័ត៌មានជាតិ

ឆេះស្ថានីយប្រេងឥន្ធនៈនៅស្រុកគូលែន ខេត្តព្រះវិហារ គិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ

BY
Khmerpress
May 7, 2024
ឆេះស្ថានីយប្រេងឥន្ធនៈនៅស្រុកគូលែន ខេត្តព្រះវិហារ គិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ

(ព្រះវិហារ)៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង​១៤៖០០​នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា៖ «ករណីអគ្គិភ័យដែលបានកើតឡើងបណ្តាលឱ្យឆេះស្ថានីយប្រេងឥន្ធនៈ និងសម្ភារមួយចំនួនធំនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី»។ លោកថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាតសម្ភារ គិតជាថវិកាប្រមាណ២០ម៉ឺនដុល្លារ។ ដោយឡែក ម្ចាស់ស្ថានីយប្រេងឈ្មោះ ឡាយ ឡុង ស៊ីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ​ខាងលើ (រងរបួសស្រាល) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមណ្ឌលសុខភាពស្រយង់កោះកេរ។

អធិការនគរបាលស្រុក បានបន្តថា ស្ថានីយប្រេងឥន្ធនៈនេះមានទំហំ ៣១ម៉ែត្រ គុណ ៣៣ម៉ែត្រ ក្រៅពីលក់ប្រេងឥន្ថនៈ ក៏មានលក់ហ្គាស ភេសជ្ជៈអីវ៉ាន់ចាប់ហួយមួយចំនួនធំផងដែរ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គិភ័យឆេះ ស្ថានីយប្រេងឥន្ធនៈនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់៖

*រថយន្ត​ពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ ចំនួន០១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ទឹកអស់២រថយន្ត
*រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកគូលែន​ ចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត
*រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត
*រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្វាយលើ ចំនួន០១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត
*រថយន្តពន្លត់អគ្គិភ័យ របស់អាជ្ញាធរ​ជាតិព្រះវិហារ​ ​ចំនួន០១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត
*រថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកជាំក្សាន្ត១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ដោយពន្លត់បានជោគជ័យរហូតម៉ោង ៦៖៣០នាទីយប់នេះ ដោយពុំរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: