ព័ត៌មានជាតិ

ក្រសួងអប់រំ៖ គ្រឹះស្ថានសិក្សារបស់រដ្ឋ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងនោះឡើយ

BY
Khmerpress
May 7, 2024
ក្រសួងអប់រំ៖ គ្រឹះស្ថានសិក្សារបស់រដ្ឋ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងនោះឡើយ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធនឹងការត្អូញត្អែររបស់មាតា-បិតា អ្នកអាណាព្យាបាល សិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ)។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងអប់រំ បានទទួលព័ត៌មានអំពីការត្អូញត្អែរ របស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែម ក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើន សម្រាប់កុមារក្រីក្រ ជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។

កន្លងមក ក្រសួងបានចេញសេចក្ដីណែនាំ ផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ នៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការ
អនុវត្តកម្មវិធីក្រៅម៉ោងសិក្សា នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ និងសេចក្ដីណែនាំស្តីពី ការពង្រឹងយន្តការរង្វាយតម្លៃ លទ្ធផលសិក្សារបស់សិស្ស នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានាឱ្យបាននូវសង្គតិភាពស្តង់ដានៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស នៅកម្រិតសាលារៀន រួចមកហើយ។

ដើម្បីអនុវត្តសេចក្ដីណែនាំ ដូចបានរៀបរាប់ខាងលើ ឲ្យមានប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្រសួងសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

១៖ គ្រូបង្រៀនត្រូវអនុវត្តតាម កម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀន បានរៀបចំដើម្បីធានាឲ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់
នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន
២៖ គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំ និងអនុវត្តតេស្តស្ដង់ដារ សម្រាប់ការប្រឡងគ្រប់ប្រភេទ និងពង្រឹងការរៀន និងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ
៣៖ គ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវបង្ខិតបង្ខំសិស្សឲ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង
៤៖ គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំ និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច២ម៉ោងបន្ថែម
៥៖ មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឲ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះ៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់ក្រសួងអប់រំ៖

ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: