ព័ត៌មានអន្តរជាតិ

FIFA នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះ Women’s World Cup 2027 នៅប្រទេសថៃ

BY
Khmerpress
May 8, 2024
FIFA នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះ Women’s World Cup 2027 នៅប្រទេសថៃ

(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងផ្តើមការរៀបចំបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup នៅឆ្នាំ២០២៧ ក្នុងសមាជប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងធ្វើឡើងនៅប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងសមាជលើកទី៧៤ (congress) របស់ FIFA ដែលនឹងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពី ២១១ប្រទេសសមាជិករបស់ខ្លួនផងនោះ ក៏បានបញ្ចូលរបៀបវារៈបោះឆ្នោតស្វែងរកប្រទេសម្ចាស់ផ្ទះបាល់ទាត់ស្រ្តីនៅ ៣ឆ្នាំខាងមុខផងដែរ។

បេក្ខជនប្រទេសម្ចាស់ផ្ទះតពីណូវែលហ្សេឡង់ និងអូស្រ្តាលី មានតែ ២បេក្ខភាពប៉ុណ្ណោះ គឺប្រទេសប្រេស៊ីល និងសហម្ចាស់ផ្ទះប៊ែលហ្សិក ហូឡង់ និងអាល្លឺម៉ង់ (BNG) ដែលបានឈានមកដល់ជុំផ្តាច់ព្រ័ត្រនេះ។

ក្នុងចំណោមនោះដែរ ប្រេស៊ីលដែលជាប្រទេសម្ចាស់ផ្ទះ World Cup 2014 ផ្នែកបុរស មានពិន្ទុខ្ពស់ជាងគូប្រជែងតាមរយៈការវាយតម្លៃជាបច្ចេកទេស ទាំងកីឡដ្ឋាន ការស្នាក់នៅ អ្នកគាំទ្រ និងប្រព័ន្ធដឹកនាំជញ្ជូននានា។ ប្រសិនបើបានសម្រេចមែន ប្រេស៊ីលនឹងក្លាយជាប្រទេសដំបូងគេនៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) ក្នុងការធ្វើម្ចាស់ផ្ទះ FIFA Women’s World Cup។

ស្រ្តីអេស្ប៉ាញ ជាជើងឯក Women’s World Cup ចុងក្រោយគេនាឆ្នាំ២០២៣ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេផងដែរ ក្រោយយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ១ទល់នឹង០ កាលផ្តាច់ព្រ័ត្រដែលណូវែលហ្សេឡង់ និងអូស្រ្តាលី បានធ្វើម្ចាស់ផ្ទះរួមគ្នា សម្រាប់កម្មវិធីដែលមាន ៤ឆ្នាំម្តងមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: