ព័ត៌មានជាតិ

សហគមន៍ពេជ្រចិន្តា មានមហិច្ឆតាចង់ផ្គត់ផ្គង់បន្លែសុវត្ថិភាព ក្នុងទីផ្សារកម្ពុជា ដើម្បីសុខភាពពលរដ្ឋ

BY
Khmerpress
May 8, 2024
សហគមន៍ពេជ្រចិន្តា មានមហិច្ឆតាចង់ផ្គត់ផ្គង់បន្លែសុវត្ថិភាព ក្នុងទីផ្សារកម្ពុជា ដើម្បីសុខភាពពលរដ្ឋ

(បាត់ដំបង)៖ ស្របពេលដែលពលរដ្ឋមានការយកចិត្តទុកដាក់ចំពោះសុខភាព សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា កំពុងមានមហិច្ឆតាចង់ផ្គត់ផ្គង់បន្លែកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព នៅក្នុងទីផ្សារប្រទេសកម្ពុជា ឱ្យកាន់ទូលំទូលាយបន្ថែមទៀត។ នេះបើតាម លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងជួបសំណេះសំណាលជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា បានបង្កើតតាំងពីឆ្នាំ២០០៩ ដោយកន្លងទៅមិនបានផ្ដោតលើបន្លែនោះទេ ដោយកសិករបានដាំដំឡូង ពោត សណ្តែកសៀងជាដើម ក្រោយមកទៀត សហគមន៍ក៏ចាប់ផ្តើមដាក់ផ្លែឈើហូបផ្លែ ក្នុងនោះមានដូចជា៖ តាង៉ែន និងស្វាយ ប៉ុន្តែការដាំដំណាំហូបផ្លែទាំងនោះ ក៏មានកត្តាប្រឈមមួយចំនួន។

លោក ហ៊ុន វុត្ថា បានបញ្ជាក់ ដោយមើលឃើញថា បន្លែមានអាទិភាពច្រើន ជាពិសេសគឺផ្ដោតទៅលើផ្ទះសំណាញ់ ព្រោះយើងអាចផលិតបានពេញមួយឆ្នាំ អ្វីដែលសំខាន់ គឺកសិករគាត់អាចធ្វើបន្លែផ្សេង តែគាត់ត្រូវចំណាយពេលខ្លះដើម្បីធ្វើរោងផ្ទះសំណាញ់ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានជាប្រចាំខែ។ ដោយសារតែឆ្លងពីមួយដំណាក់កាល ទៅមួយដំណាក់កាលកាលពីមុនយើងមានចំនួន៣០ខ្នងផ្ទះសំណាញ់ បច្ចុប្បន្នយើងធ្វើថែមបាន ១០០ខ្នងផ្ទះសំណាញ់ ពីមុនគម្រោងយើងមួយថ្ងៃបានចាប់ពី ២០០គីឡូទៅ បន្ទាប់ពីបានទទួលគម្រោងផលិតកម្មនេះយើងបង្កើនការធ្វើរងថែម បច្ចុប្បន្នយើងមាន ៣៥៥ខ្នងផ្ទះសំណាញ់ ក្នុងមួយថ្ងៃយើងអាចប្រមូលបានពី៨០០គីឡូ ទៅ ១តោនកន្លះ ក្នុង១ថ្ងៃ សម្រាប់ថវិកាយើងអាចរកបានចន្លោះពី ៨០០ដុល្លារទៅ ១,៥០០ដុល្លារ «គិតជារួម»។

លោកបាបន្ថែមទៀតថា បច្ចុប្បន្នយើងមានបន្លែតិចណាស់ ប៉ុន្តែអ្វីដែលជាគោលដៅរបស់យើង គឺចង់ឲ្យបន្លែហ្នឹង យើងអាចផ្គត់ផ្គង់បានច្រើនជាពិសេសបន្លែសុវត្ថិភាព។ បច្ចុប្បន្នយើងមាន ស្ពៃកក្ដោប ខាត់ណាដើម ខាត់ណាផ្កា (ផ្កាខាត់ណាស ផ្កាខាត់ណាខៀវ ផ្កាខាត់ណាលឿង ផ្កាខាត់ណាស្វាយ និងផ្កាខាត់ណាទឹកក្រូច) ស្ពៃក្រញាញ់ ប៉េងប៉ោះ ឆឺររី និងម្ទេសហាវ៉ៃ។ល។

ជាមួយគ្នានេះដែរ លោក ហ៊ុន វុត្ថា បានបញ្ជាក់ថា ការដាំបន្លែក្រុមផលិតច្បាស់លាស់ ទើបគ្រប់គ្រងផែនការផលិតបានត្រូវមានទីផ្សារច្បាស់លាស់ តែកាលណាយើងដាំ ដោយមិនមានការចងក្រងទេ យើងមិនអាចដឹងអំពីទីផ្សារនោះទេ សម្រាប់អ្នកហូបមានចំនួនកំណត់ច្បាស់លាស់ ប្រសិនបើយើងដាំមិនបានគិតវាអាចមានបញ្ហា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: