ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ

BY
Khmerpress
May 9, 2024
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ។

កិច្ចប្រជុំនាឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយតំណាងស្ថានីយទូរស្សននានានៅកម្ពុជា។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺធ្វើឡើងដើម្បីស្នើសុំអោយមានការចូលរួមពីគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់រួមជាកំលាំងគ្នាតែមួយទាំងរដ្ឋ និងឯកជន ពិនិត្យលទ្ធភាពនៃការថតផ្សាយផ្ទាល់ពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ពិធីបុណ្យព្រះសព ដែលធ្វើឡើងដ៏ធំនាពេលខាងមុខនេះ គឺត្រូវមានកិច្ចសហការពីគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ ដើម្បីចែកទីតាំងគ្នាថតនៅពេលដង្ហែតាមបណ្តោយផ្លូវនានាដែលគណៈកម្មាធិការបុណ្យបានរៀបចំ និងថតពីធីថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ធ្វើយ៉ាងណាថតឱ្យបានគ្រប់ទិដ្ឋភាពសំខាន់ៗ ដើម្បីផ្សព្វផ្សាយឱ្យបានល្អ។

ដូច្នេះហើយចាប់ពីពេលនេះ គឺត្រូវបន្តរៀបចំផែនការសកម្មភាពឱ្យបានម៉ត់ចត់បំផុត ដើម្បីធានាឱ្យការថត ផ្សព្វផ្សាយពិធីបុណ្យព្រះសព ប្រព្រឹត្តទៅប្រកបដោយភាពខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជាយើង។

អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ហើយអនុគណៈកម្មការនេះ មានភារកិច្ចរៀបចំផ្សព្វផ្សាយដំណឹងមរណភាពឱ្យបានជ្រួតជ្រាបដល់សាធារណជនជាតិ និងអន្តរជាតិ, រៀបចំជារូបភាព និងខ្សែវីដេអូ នូវរាល់សកម្មភាពនៃពិធីបុណ្យទាំងមូល ហើយធ្វើការសម្របសម្រួលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលយកព័ត៌មានក្នុងពិធីបុណ្យទាំងមូល ព្រមទាំងការអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធានគណៈកម្មការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: