ព័ត៌មានអន្តរជាតិ

សិង្ហបុរីផ្អាកការហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ក្រោយ១គ្រឿងបានធ្លាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ

BY
Khmerpress
May 9, 2024
សិង្ហបុរីផ្អាកការហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ក្រោយ១គ្រឿងបានធ្លាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ

(សិង្ហបុរី)៖ ក្រសួងការពារជាតិសិង្ហបុរី បានប្រកាសថា ខ្លួនបានសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ទាំងអស់ ក្រោយយន្តហោះធុននេះមួយគ្រឿង ទើបតែបានធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ជាប្រចាំមួយ កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងការពារជាតិសិង្ហបុរី បាននិយាយថា ការផ្អាកនេះគឺជាវិធានការសុវត្ថិភាព ដែលនឹងបន្តអនុវត្តរហូត ទាល់តែការស៉ើបអង្កេតបង្ហាញថា វាមានសុវត្ថិភាពក្នុងការបន្ត ការហ្វឹកហ្វឺនឡើងវិញ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាកាយានិកបានផ្តាច់កៅអីចេញពីយន្តហោះដោយសុវត្ថិភាព មុនពេល F-16 មួយគ្រឿង បានធ្លាក់ទៅបុកដី នៅឯមូលដ្ឋានទ័ពអាកាស Tengah ហើយអាកាសយានិកម្នាក់នោះ ស្ថិតក្នុងស្ថានភាពនឹងនរ និងដឹងខ្លួនធម្មតា។

ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធ ក្រសួងការពារជាតិសិង្ហបុរី បាននិយាយថា អាកាសយានិកខាងលើ មានបទពិសោធក្នុងការបើក​យន្តហោះចម្បាំង F-16 សរុបជាង២,០០០ម៉ោង ហើយការស៉ើបអង្កេតលម្អិតកំពុងតែប្រព្រឹត្តទៅ។ បើតាមអាកាសយានិកផ្ទាល់ គឺរូបគេ​បានជួបបញ្ហាពាក់ព័ន្ធប្រព័ន្ធគ្រប់គ្រងការហោះហើរ អំឡុងពេលហោះឡើងចេញពីមូលដ្ឋាន Tengah ដើម្បីធ្វើការហ្វឹកហ្វឺនជាប្រចាំ។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី CNA បុរីរដ្ឋមួយនេះបានធ្វើប្រតិបត្តិការ យន្តហោះចម្បាំង F-16 ដែលផលិតដោយ​សហរដ្ឋអាមេរិក អស់រយៈពេលជិត៣០ឆ្នាំមកហើយ ខណៈលើកចុងក្រោយបង្អស់ មុនករណីថ្ងៃកាលពីថ្ងៃពុធ ដែល F-16 បានធ្លាក់នៅសិង្ហបុរី គឺកាលពីខែឧសភា ឆ្នាំ២០០៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: