ព័ត៌មានជាតិ

ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ

BY
Khmerpress
May 10, 2024
ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ

(ភ្នំពេញ)៖ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ។ លោកបានថ្លែងដូច្នេះ នៅចំពោះមុខប្រធានក្រុមហ៊ុនមេធាវី ប្រធានក្រុមមេធាវី និងប្រធានការិយាល័យមេធាវី ប្រមាណជិត ២០០ នាក់ ក្នុងកម្មវិធីពិសារអាហារសាមគ្គី រៀបចំឡើងដោយលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅភោជនីយដ្ឋាន The Ming Palace។

លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា «ក្នុងនាមយើងជាអ្នកច្បាប់ ត្រូវហ៊ានការពារអ្វីដែលជាផលប្រយោជន៍ជាតិ… ការសម្រេចជីកព្រែកជីកហ្វូណនតេជោនេះ គឺកើតឡើងតាំងពីក្នុងអាណត្តិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ហើយការសម្រេចនេះនៅបន្តអនុវត្តយ៉ាងម៉ឺងមាត់ ដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន… ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ… ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ សេដ្ឋកិច្ច បរិស្ថាន និងសង្គមពីព្រែកជីកនេះ… ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរឡើង តាមរយៈចរន្តសេដ្ឋកិច្ចផ្លូវទឹកមួយនេះ បន្ថែមពីលើអ្វីដែលកម្ពុជាបាន និងកំពុងមានស្រាប់បច្ចុប្បន្ន ដូចជាព្រលានយន្តហោះថ្មី និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើនទៀត… »

លោកបានបន្តថា «ក្នុងពេលដែលខ្ញុំធ្វើជាអគ្គលេខាធិការគណៈមេធាវី ខ្ញុំបានរួមចំណែករៀបចំឱ្យមានបន្ទប់ប្រឹក្សាយោបល់មេធាវីតាមពន្ធនាគារ រៀបចំឱ្យមានប្រតិភូមេធាវី និងបន្ទប់ប្រតិភូមេធាវីតាមសាលាដំបូងរាជធានី ខេត្ត បានស្នើសុំឱ្យមានការលើកលែងពន្ធលើការប្រកបវិជ្ជាជីវៈមេធាវី បានស្នើសុំឱ្យមានការពិនិត្យពន្យាការបើកចំហរមេធាវីបរទេសប្រកបវិជ្ជាជីវៈនៅកម្ពុជា និងបានស្នើសុំបង្កើតក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី។ល។ ដែលទាំងនេះ ត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាលគាំទ្រនាពេលនោះ ដោយសារតែកិច្ចការទាំងនោះពាក់ព័ន្ធនឹងផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិ ជាធំ… ដូចនេះ យើងចាំបាច់ត្រូវតែគាំទ្រវិញយ៉ាងពេញទំហឹងនូវរាល់ការសម្រេចនានារបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចដែលបម្រើឱ្យផលប្រយោជន៍ជាតិ មាតុភូមិ…ដូចជាករណីព្រែកជីកហ្វូណន់តេជោនេះ ជាដើម។ល»។

លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា ក៏បានផ្តាំផ្ញើដល់អ្នកច្បាប់ដែលមានវត្តមានក្នុងកម្មវិធីពិសារអាហារសាមគ្គីនេះ បន្តពង្រឹង និងពង្រីកនូវចំណេះដឹងបន្ថែមទៀតនៅចំពោះមុខដែលត្រូវរៀនសូត្រពីច្បាប់ថ្មីៗ ដើម្បី ចូលរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមយន្តការច្បាប់ផង និងជាពិសេសដើម្បីចាប់យកឱកាសពង្រីកទីផ្សារវិជ្ជាជីវៈច្បាប់ឱ្យកាន់តែទូលំទូលាយថែមទៀតឆ្លើយតបនឹងបរិវត្តកម្មបច្ចេកវិទ្យាឌីជីផលក្នុងយុគ្គសម័យ ទំនើបផង។

គួរបញ្ជាក់ថា កម្មវិធីជួបជុំពិសារអាហារសាមគ្គីនេះ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានរៀបចំជាការជួបជុំអ្នកច្បាប់ជាមេធាវីតាំងពីឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ននេះ មានអ្នកច្បាប់ជាមេធាវីចូលរួមជាបន្តបន្ទាប់ប្រមាណជាងមួយពាន់នាក់ដែលជាការជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងក្របខ័ណ្ឌអ្នកមានវិជ្ជាជីវៈបម្រើយុត្តិធម៌សង្គម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: