ព័ត៌មានជាតិ

ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទរំ-លោ-ភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ

BY
Khmerpress
May 10, 2024
ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទរំ-លោ-ភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បានសម្រេចចោទប្រកាន់ គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។

ទោះជាយ៉ាងនេះក្តី ជាមួយនឹងការចោទប្រកាន់នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានស្នើសុំដាក់ជនសង្ស័យទាំង៣នាក់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងស្នើដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ហើយបានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរ។

ជនសង្ស័យ៣នាក់នោះ រួមមាន៖
*ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក
*ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់
*ទី៣៖ ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌ។

តាមរបាយការណ៍ ACU បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌ ដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិក។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី ១១.០០០ដុល្លារអាមេរិក ដល់ ១៦.០០០ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា​៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: