ឯកឧត្តម ម៉ៅ ធនិន ជួយសម្រាលសម្ពាធលោកយាយជាម្ដាយ ដោះស្រាយជម្លោះរវាងកូនៗដែលដណ្ដើមដីកេរមរតកគ្នា
- BY
- Khmerpress
- November 5, 2021
នាព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី បានបន្តបើកជំនួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយប្រើឋាណានុក្រម គ្រួសារ។ ក្នុងនោះ ឯកឧត្តម បានដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋមួយគ្រួសារ រវាងបងប្អូនបង្កើត លើដីកេរមរតករបស់ម្ដាយដែលបានចែកអោយ ទាំងដែលម្ដាយនៅនឹងមុខដឹងគ្រប់យ៉ាងគ្រប់រឿង។
យោងតាមការស្ដាប់ចម្លើយរវាងភាគីទាំងពីរ ដែលឯកឧត្តមបានសួរ រួមទាំងអ្នកបានដឹងរឿងរ៉ាវរួមមាន លោកយាយជាម្ដាយ លោកមេភូមិ មេឃុំជាច្រើនរូប ដំណើររឿងគឺថា លោកយាយជាម្ដាយ និងកូនស្រី ២នាក់បានសុំដីពាក់កណ្ដាលនៃដីទំហំក្បាល ១០៥ ម៉ែត្រ បណ្ដោយ ៩០ ពីកូនប្រុសច្បងដែលបានអះអាងថា ជាដីរបស់ខ្លួនដែលចាប់បានពីជំនាន់សង្គម និងបានរំលោបបំពាន ធ្វើរបងយកដីទាំងមូល ខណៈដែលដីនេះ ខាងម្ដាយ ប្អូនស្រីទាំង ២នាក់ និងមេភូមិ ៣ ទៅ ៤ជំនាន់ ទទួលស្គាល់ថា ពិតជាដីរបស់លោកយាយជាម្ដាយពិតមែន។
ជាមួយគ្នានេះដែរ បើតាមការលើកឡើងពីលោកយាយជាម្ដាយ បានឱ្យដឹងថា ដីនេះលោកយាយបានផ្ដល់ឱ្យកូនស្រីទាំង ២របស់គាត់ ប៉ុន្តែដោយសារតែកូនស្រីនៅឆ្ងាយ ទើបកូនប្រុសរូបនេះបានចូលទៅនៅដីនោះ បន្ទាប់ពីរៀបការប្រពន្ធថ្មី។ ពេលនោះដោយយល់ថា ជាកូនប្រុសច្បង ចិត្តមិនដាច់ម្ដាយក៏មិនមាត់មិនក ហើយឱ្យស្នាក់នៅសិន តែកូនប្រុសបែរជារំលោភបំពាន ដាំដំណាំ ធ្វើរបង បិទជិត និងបែងចែកដីធ្លីនោះទៅឱ្យកូនៗថែមទៀត ទាំងដែលមិនមែនជាចំណែករបស់ខ្លួនឯងទាល់តែសោះ។
លើសពីនេះ កូនប្រុសច្បងបានប្រមាថលោកយាយជាម្ដាយនៅមុខមហាជន ថានិយាយពាក្យមិនពិតទាំងអស់ និងរឹងរូសមិនព្រមកាត់ចំណែកពាក់កណ្ដាលឱ្យទៅប្អូនស្រីទាំង ២ ដែលបានស្នើសុំ ដើម្បីបញ្ចប់រឿង។ ជាលទ្ធផលក្រោយពីប្រកែកគ្នាបែកផ្សែង ឯកឧត្តម ម៉ៅ ធនិន បានសម្រេចឱ្យភាគីបងប្រុសប្រគល់ដីឱ្យទៅប្អូនស្រីទាំងពីរនាក់ ៤០% នៃចំណែកដីសរុប ដើម្បីចែកគ្នាជា ២ សាងសង់ផ្ទះរស់នៅ ខណៈភាគីខាងបងប្រុសស្នើសុំប្ដូរដីដែលកាត់ឱ្យជាដីរបស់ខ្លួននៅទីតាំងទល់មុខនឹងដីទំនាស់ ហើយក៏ព្រមទទួលយកទាំងសងខាង ធ្វើកិច្ចសន្យាបញ្ចប់សំណុំរឿង៕ ដោយ៖ ខ្មែរណូត
- Share This Post: