សង្គម

រំភើបណាស់! ឧកញ៉ា ស្រី ចាន់ថន នឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ​

BY
Khmerpress
March 4, 2023
រំភើបណាស់! ឧកញ៉ា ស្រី ចាន់ថន នឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ​

រាជធានីភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន នឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។

បើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុតសម្រាប់ការគាំទ្ររបស់បងប្អូនទៅលើគុនខ្មែររបស់យើង ខ្ញុំកំណត់ត្រឹមតែ 33k ចែករំលែក (Share) តែបងប្អូនបានចែករំលែករហូតដល់ទៅ 37K ជាងឯណោះ។ ដូច្នេះដើម្បីឆ្លើយតបនឹងការគាំទ្រមួយនេះខ្ញុំនឹងរៀបចំបង្កើតក្លឹបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំនឹងបើកការប្រជុំមួយជាមួយលោកគ្រូបង្វឹកគុនខ្មែររបស់យើងដើម្បីរៀបចំក្លឹបមួយនេះឲ្យមានស្តង់ដាអន្តរជាតិ។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្តឱ្យដឹងទៀតថា៖ «ខ្ញុំសង្ឃឹមថាបងប្អូននឹងនៅតែបន្តការគាំទ្រដល់វិស័យកីឡាគុនខ្មែររបស់យើងបន្តទៀត និងជារៀងរហូត។ ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងជម្រុញដ៏អស្ចារ្យ ដើម្បីឲ្យវិស័យកីឡាគុនខ្មែរមានការរីកចម្រើន និងល្បីល្បាញពាសពេញសកលលោក សូមអរគុណបងប្អូនខ្មែរជាទីគោរពស្រលាញ់ទាំងអស់គ្នាសម្រាប់ការចែករំលែកផុសរបស់ខ្ញុំកាលពីព្រឹកមិញរហូតលើសចំនួនដែលខ្ញុំបានកំណត់ » ។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះនូវរូបចម្លាក់ក្បាច់វាយគ្នា «គុនខ្មែរ» នៅតាមខឿននៃប្រាសាទ ដោយសរសេរយ៉ាងដូច្នេះថា៖ « ថ្ងៃល្អ 03.03.2023 ដូច្នេះបើសិនជាបងប្អូនចែករំលែក (Share) ផុស (post) មួយនេះបាន 33K ខ្ញុំនឹងបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយឡើងដើម្បីជាការតបស្នងការគាំទ្ររបស់បងប្អូនl love Cambodia » ៕ ប្រភព៖ ស្រី ចាន់ថន-Srey Chanthorn

Share This Post: