សង្គម

កីឡាករប្រដាល់ Thiago ចេញប្រកួតនៅអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា

BY
Naren
March 22, 2023
កីឡាករប្រដាល់ Thiago ចេញប្រកួតនៅអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា

(ភ្នំពេញ)៖ កីឡាករប្រដាល់ Thiago Teixeira ដែលមានដើមកំណើតជាជនជាតិប្រេស៊ីល បានប្រកាសថារូបគាត់នឹងប្រកួតនៅកម្មវិធី Apex Fight Series នាថ្ងៃទី០១ មេសា ខាងមុខនេះនៅប្រទេសអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា។

ជាមួយគ្នានេះលោកឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថាលោក Thiago នឹងចាកចេញទៅអាឡឺម៉ង់ នៅថ្ងៃទី២២ ខែមីនានេះ ដោយលោកបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឱ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិថា Thiago នឹងចេញដំណើរទៅប្រទេសអាឡឺម៉ង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។ ថ្ងៃនេះផងដែរ ខ្ញុំបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឲ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។ ដោយគាត់ឡើងវ៉ៃលើកនេះគឺតំណាងឲ្យប្រទេសកម្ពុជា តំណាងឲ្យគុនខ្មែរ។

កីឡាករ Thiago នឹងវ៉ៃជាមួយកីឡាករអង់គ្លេសនៅសង្វ្រៀនប្រទេសអាឡឺម៉ង់។ ដូច្នេះក្នុងនាមខ្ញុំជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក ខ្ញុំនឹងរៀបចំការជូនដំណើរមួយសម្រាប់កីឡាករ Thiago ដល់ប្រលានយន្តហោះដើម្បីជាកម្លាំងចិត្តឲ្យគាត់អាចដណ្តើមយកជ័យជំនៈមកជូនប្រទេសកម្ពុជាយើងវិញ។ មិនយូរមិនឆាប់នៅពេលដែលកីឡាករ Thiago ត្រលប់មកប្រទេសកម្ពុជាវិញនឹងមានដំណឹងល្អមួយសម្រាប់បងប្អូនប្រជាជនកម្ពុជាទាំងមូលផងដែរ។ អាស្រ័យហេតុនេះខ្ញុំសូមជម្រាបបងប្អូនផងដែរថា បងប្អូនក៏អាចចូលរួមក្នុងការជូនដំណើរកីឡាករ Thiago បានផងដែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ»៕

Share This Post: