សង្គម

ហួសចិត្ត! មានជនខិលខូច លួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន

BY
Naren
April 19, 2023
ហួសចិត្ត! មានជនខិលខូច លួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីជនខិលខូចលួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន ដែលទង្វើនេះបំផ្លាញផង និងបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ។

ឯកឧត្តម បានសរសេររៀបរាប់ថា៖ «ការកសាងជាការលំបាក​ មានជនតាមបំផ្លាញ​ គឺកាន់តែលំបាកថែមទៀត​។ មានជនចង្រៃ​ លួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន​ ទង្វេីនេះបំផ្លាញផង​ បង្កគ្រោះថ្នាក់​ ដល់អ្នកដំណេីរផង។​ បងប្អូនណា​បានឃេីញ​ បានដឹង​ អំពីជននេះ​ សូមជួយរាយការណ៍មកសមត្ថកិច្ច»។

នេះមិនមែនជាលើកទីមួយឡើយ ដែលមានករណីលួចសម្ភារនៅលើផ្លូវល្បឿនលឿននេះ ដោយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលធ្វើសកម្មភាពលួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួន ចាត់ចែងបន្តដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ៕

Share This Post: