សង្គម

ក្រោយកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា រងរបួស, ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភការព្យាបាលទាំងស្រុង

BY
Naren
April 24, 2023
ក្រោយកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា រងរបួស, ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភការព្យាបាលទាំងស្រុង

(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ​ ធឿន​ ធារ៉ា​ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ត្រូវ​​បោះបង់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​បួន​ បញ្ហា​ខូច​ដៃ​មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​ជាមួយ​កីឡាករ​ថៃ​ ក្រុង​ ចក្រ​។

ក្នុងនោះផងដែល ឧកញ៉ា ស្រី ចាន់ថន ក្រោយពីបានដឹងដំណឹងរបួសរបស់ ធឿន​ ធារ៉ា​ លោកក៏បានប្រកាសនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាល។ ដោយ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ដូចបងប្អូនបានដឹងហើយថា កីឡាករ ធឿន ធារ៉ា ទើបតែប្រកួតចប់នៅថ្ងៃនេះ ហើយឥឡូវគាត់បានរងរបួសដៃស្តាំ ដូច្នេះខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់ ធារ៉ា។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះការប្រកួតរបស់ធារ៉ានៅថ្ងៃមិញនេះ ប៉ុន្តែកីឡាតែងតែមានចាញ់មានឈ្នះ ដូច្នេះមិនជាបញ្ហានោះទេបើប្អូនទទួលបានលទ្ធផលមិនល្អនៅថ្ងៃនេះ ស៊ូៗចូលប្អូនខិតខំប្រឹងប្រែងបន្តទៀត។ ខ្ញុំសង្ឃឹមថាប្អូន ធារ៉ានឹងជាសះស្បើយ ក្នុងរយៈពលដ៏ខ្លីខាងមុខនេះ ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»។

សូមបញ្ជាក់ថា តាមការបញ្ជាក់របស់លោកគ្រូពេទ្យកែងដៃរបស់ ធឿន ធារ៉ា ក្រោយពិនិត្យនិងថតរួចមក គឺមិនប៉ះពាល់ដល់ឆ្អឹងទេ ដោយគ្រាន់តែត្រូវសម្រាកព្យាបាលនៅផ្ទះមួយរយៈខ្លីទើបអាចប្រកួតវិញបានធម្មតា។ ជាមួយគ្នានេះ ក្រោយពីចាញ់ការប្រកួត ធឿន ធារ៉ា បានបង្ហោះសារ យ៉ាងដូច្នេះថា «ការប្រកួតមួយនេះ ខ្ញុំសុំទោសទៅដល់ពុកម៉ែបងប្អូនដែលខ្ញុំធ្វើមិនបានល្អ»៕

Share This Post: