ព័ត៌មានអន្តរជាតិ

សេតវិមាន ណែនាំឱ្យពលរដ្ឋអាមេរិក ចាកចេញពីស៊ូដង់ ក្នុងរយៈពេល ២៤ ទៅ៤៨ម៉ោង

BY
Khmerpress
April 28, 2023
សេតវិមាន ណែនាំឱ្យពលរដ្ឋអាមេរិក ចាកចេញពីស៊ូដង់ ក្នុងរយៈពេល ២៤ ទៅ៤៨ម៉ោង

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ នៅក្នុងប្រទេសស៊ូដង់ ចាកចេញពីប្រទេសមួយនេះក្នុងរយៈពេល២៤ ទៅ៤៨ ម៉ោងខាងមុខ ដោយព្រមានថាស្ថានការណ៍អាក្រក់អាចកើតឡើងបានគ្រប់ពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «ស្ថានការណ៍អាចនឹងកាន់តែធ្លាក់ចុះដុនដាប នៅគ្រប់ពេលវេលា ហើយយើងកំពុងបន្តបង្កើតជម្រើសសម្រាប់ឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសស៊ូដង់»។ លោកស្រីបន្តថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនៃការសកម្មភាពបំពានលើបទឈប់បាញ់នៅស៊ូដង់ កាលពីថ្ងៃពុធកន្លងទៅ។

គួរបញ្ជាក់ថា បើតាមសេតវិមាន សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយអង្គភាពស៊ើបការណ៍ តាមដាន និងឈ្លបយកការណ៍ផងដែរ ដើម្បីផ្ដល់ការគាំទ្រ ក៏ដូចការពារផ្លូវអាកាស និងគោកដែលពលរដ្ឋអាមេរិកប្រើប្រាស់ដើម្បីជម្លៀសខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: