ព័ត៌មានអន្តរជាតិ

ទីក្រុងហូជីមិញ គ្រោងនឹងសាកល្បងរថយន្តអគ្គិសនី សម្រាប់ដំណើរទេសចរណ៍នៅជុំវិញទីក្រុង

BY
Khmerpress
April 28, 2023
ទីក្រុងហូជីមិញ គ្រោងនឹងសាកល្បងរថយន្តអគ្គិសនី សម្រាប់ដំណើរទេសចរណ៍នៅជុំវិញទីក្រុង

យោងតាមសារព័ត៌មាន VNExpress បានឱ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីមិញ បានស្នើឱ្យសាកល្បងប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរជុំវិញទីក្រុងភាគខាងត្បូងមួយនេះ។ ក្រោមសំណើនេះ ទីក្រុងនឹងដំណើរការរថយន្តអគ្គិសនីចំនួន ២០០គ្រឿង ដែលនីមួយៗអាចផ្ទុកអ្នកដំណើរពី ៥ ទៅ ១៤ នាក់ ជាមួយនឹងល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដំណើរទេសចរណ៍ជុំវិញទីក្រុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសនេះ។

ជាដំបូង រថយន្តអគ្គិសនីចំនួន ៧០គ្រឿង ដែលចំណុះពី ៨-១០ កៅអី នឹងត្រូវបានគេដាក់ឱ្យដំណើរការ ហើយនៅដំណាក់កាលបន្ទាប់មកទៀត នឹងមានរថយន្តចំណុះ ៧កៅអី ឬតិចជាងនេះ ចំនួន ៦០ គ្រឿង និងរថយន្តចំណុះពី ១១ ទៅ ១៤ កៅអី ចំនួន ៧០ គ្រឿង ត្រូវដាក់បម្រើការបន្ថែមពីលើនោះទៀត ខណៈសេវានេះនឹងដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ។ អ្នកទេសចរអាចកក់សេវាកម្មរថយន្តអគ្គិសនីតាមរយៈកម្មវិធីទូរស័ព្ទ ឬដោយផ្ទាល់ជាមួយបុគ្គលិកបានយ៉ាងងាយស្រួលបំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: