ព័ត៌មានអន្តរជាតិ

នេប៉ាល់ នឹងប្រគល់ពូជស្រូវ «កាឡានាម៉ាក់» ជាអង្ករសំខាន់សម័យ​ពុទ្ធកាល ទុកជាអំណោយសម្រាប់កម្ពុជា

BY
Khmerpress
May 1, 2023
នេប៉ាល់ នឹងប្រគល់ពូជស្រូវ «កាឡានាម៉ាក់» ជាអង្ករសំខាន់សម័យ​ពុទ្ធកាល ទុកជាអំណោយសម្រាប់កម្ពុជា

(នេប៉ាល់)៖ ពូជស្រូវមួយប្រភេទមានឈ្មោះថា កាឡានាម៉ាក់ (Kalanmak) ដែលគេជឿថា ត្រូវបានដាំដុះតាំងតែពីសម័យពុទ្ធកាលមកនោះ នឹងត្រូវដឹកចេញពីខេត្តលុមប៊ីនី (Lumbini) ប្រទេសនេប៉ាល់ មកកាន់ប្រទេសកម្ពុជា សម្រាប់ជាអំណោយ។

ក្នុងឱកាសនៃពិធីបុណ្យ «បុណ្យវិសាខបូជា» លើកទី២៥៦៧ អនុប្រធានមូលនិធិអភិវឌ្ឍន៍ Lumbini ភិក្ខុ Metteyya (Bhikshu Metteyya) នឹងប្រគេនពូជស្រូវ Kalanamak ដល់សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ។

យោងទៅតាមរឿងព្រេងត្រូវបានគេដំណើរនិទានថា ព្រះពុទ្ធព្រះអង្គទ្រង់សព្វព្រះរាជហរទ័យសោយអង្ករកាឡានាម៉ាក់នេះ នៅពេលដែលព្រះអង្គទ្រង់នៅលើផែនដី។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសប្រទានពរដល់កសិករ ដែលបានគោរពបម្រើព្រះអង្គក្នុងដំណើរមួយរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹង។

អង្ករកាឡានាម៉ាក់នេះ គឺត្រូវបានគេដាំនៅតំបន់ជនបទនៃក្រុង Kapilavastu និងក្រុងលុម្ពីនី នៃប្រទេសនេប៉ាល់ អស់រយៈពេលជាង ៥០០០ឆ្នាំមកហើយ ដែលជាប្រភេទអង្ករបុរាណ និងពិសិដ្ឋ។ អង្ករនេះគឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងព្រះពុទ្ធសាសនា ហើយត្រូវបានចាត់ទុកថាជាអាហារដ៏ពិសិដ្ឋនៅក្នុងសហគមន៍ពុទ្ធសាសនាជាច្រើន។

អង្ករកាឡានាម៉ាក់នេះត្រូវបានគេប្រើជាញឹកញាប់នៅក្នុងពិធីបុណ្យបូជាចំពោះព្រះពុទ្ធសាសនា ហើយជាទូទៅត្រូវបានប្រគេនជូនព្រះសង្ឃជាការគោរពនិងដឹងគុណ។ ពូជស្រូវនេះ មិនត្រឹមតែត្រូវបានគោរពចំពោះជំនឿខាងផ្នែកសាសនាប៉ុណ្ណោះទេ ប៉ុន្តែពូជស្រូវនេះក៏មានក្លិនក្រអូបយ៉ាងពិសេសផងដែរ ដែលត្រូវបានគេនិទានថា ជាអំណោយរបស់ព្រះសម្មាសម្ពុទ្ធ។ ការស្រាវជ្រាវ និងការអភិវឌ្ឍបន្ថែមជុំវិញការអភិរក្សនិងថែរក្សាគុណភាពពូជស្រូវនេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន។

អង្ករប្រភេទនេះសម្បូរទៅដោយប៉ូតាស្យូម ប្រូតេអ៊ីន ជាតិសរសៃ វីតាមីន B ជាតិដែក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មនេប៉ាល់ (NARC) ក៏បានជំរុញការអភិវឌ្ឍពូជប្រភេទនេះ និងដាក់ឈ្មោះវាថា Suddhodana Kalanamak ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: