ព័ត៌មានអន្តរជាតិ

Godfather of AI ប្រកាសលាឈប់ពី Google ដើម្បីព្រមានពីហានិភ័យដែល AI នឹងនាំមកដល់

BY
Naren
May 3, 2023
Godfather of AI ប្រកាសលាឈប់ពី Google ដើម្បីព្រមានពីហានិភ័យដែល AI នឹងនាំមកដល់

(បរទេស)៖ បិតា AI ឬ Godfather of AI ក្រុមហ៊ុន Google លោក Geoffrey Hinton ប្រកាសលាលែងពីតំណែងបន្ទាប់ពីកិច្ចខិតខំបង្កើត AI រយៈពេល ១០ ឆ្នាំរបស់លោក ជាមួយនឹងខ្លឹមសារព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាមួយនេះថា AI នឹងលុបបំបាត់ការងារជាច្រើន និងបង្កើតពិភពលោកមួយដែលមនុស្សជាច្រើននឹង «មិនអាចញែកដឹងថាអ្វីជាការពិត»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

Geoffrey Hinton គឺជាជនជាតិអង់គ្លេស-កាណាដា មានវ័យ ៧៥ឆ្នាំ និងជាអ្នកចិត្តសាស្រ្ត និងវិទ្យសាស្រ្តកុំព្យូរទ័រ។ លោកបានចូលរួមជាមួយ Google ក្នុងឆ្នាំ២០១៣ បន្ទាប់ពី Google បានទិញយកក្រុមហ៊ុន DNNresearch របស់លោក។ Hinton ត្រូវបានគេទទួលស្គាល់ថាជាបិតា AI ខណៈលោកបានសិក្សាទៅលើផ្នែកបញ្ញាសិប្បនិមិត្ត AI នេះចាប់តាំងពីឆ្នាំ១៩៨៧ ម្លេះ ហើយលោកទទួលបានពានរង្វាន់ជាបន្តបន្ទាប់ទៅលើផ្នែកស្រាវជ្រាវ ខណៈឆ្នាំ២០១៨ លោកបានឈ្នះពានរង្វាន់ Turing Award ដែលអ្នកខ្លះហៅថា«រង្វាន់ណូបែលកុំព្យូទ័រ»។

តាមរយៈសេចក្តីថ្លែងការណ៍មួយទៅកាន់ The New York Times លោក Hinton បានព្រមានថា «ពិភពលោកទាំងមូលនឹងទទួលរងការគំរាមកំហែងដ៏ខ្លាំងក្លាពីសក្តានុពលរបស់ AI»។ លោកបន្ថែមទៀតថានេះជាចំណុចដែលលោកតែងតែកង្វល់ ប៉ុន្តែលោកមិននឹកស្មានថាវា នឹងមកដល់លឿនបែបនេះទេ វាលឿនជាងការរំពឹងទុក។

Hinton រំពឹងថា «វាអាចនឹងមកដល់ក្នុងរយៈពេល ៣០ ទៅ ៥០ឆ្នាំ ឬអាចយូរជាងនេះទៀត» ប៉ុន្តែវាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ AI បានរីកសាយភាយទៅដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ហើយមនុស្សជាច្រើននឹងបាត់បង់ការងារធ្វើ។ លោកបន្ថែមកង្វល់ទៀតថា សម្រាប់មនុស្សដែលមានកម្រិតចំណេះដឹងមធ្យមនឹងងាយរងគ្រោះដោយសារការញែកមិនដាច់របស់ពួកគេថាអ្វីជាការពិតជាពិសេស ការរីកសាយភាយនៃរូបថត វីដេអូ និងអត្ថបទក្លែងក្លាយជាច្រើន។

គួរជម្រាបដែរថា ការចាកចេញពីតំណែងរបស់ Hinton គឺត្រូវបានគេមើលឃើញក្នុងគោលដៅតែមួយប៉ុណ្ណោះគឺដើម្បី «ព្រមានអំពីហានិភ័យដែលអាចកើតមានពី AI» ហើយនេះក៏ជាការខាតបង់ច្រើនសម្រាប់ Google Brain ដែលជាក្រុមនៅពីក្រោយការងារជាច្រើនរបស់ក្រុមហ៊ុននៅក្នុង AI ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: