រំភើបជំនួស! ឯកឧត្តម ខៀវ កាញារីទ្ធ នឹងផ្តល់ថវិកាជូនកីឡាការិនីកម្ពុជា ប៊ូ សំណាង ចំនួន ១លានរៀល ជាការលើកទឹកចិត្ត
- BY
- Khmerpress
- May 9, 2023
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការចែករំលែងពេញបណ្ដាញសង្គមហ្វេសប៊ុកនូវវីដេអូរបស់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ខំប្រឹងរត់ទាំងកណ្តាលភ្លៀងទោះដឹងថាមិនបានមេដាយក្តី ក៏នៅតែបន្តរហូតទាល់តែដល់គោលដៅ ដែលសកម្មភាពទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការកោតសរសើរពីមហាជនក្នុងប្រទេស ជាពិសេសបណ្ដាសារព័ត៌មានថៃ និង វៀតណាម បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការគណនីហ្វេសប៊ុករបស់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជូនដំណឹងដ៏រីករាយមួយ ដោយមានខ្លឹមសារថា ឯកឧត្តម ខៀវ កាញារីទ្ធ នឹងផ្ដល់ថវិកាលើកទឹកចិត្ត ជូនកីឡាការិនីប៊ូ សំណាង ចំនួន ១លានរៀល ។
នៅក្នុងខ្លឹមសារនោះ បានសរសេររៀបយ៉ាងដូច្នេះថា៖ « ផ្ញើជូនដំណឹងដ៏រីករាយជូន កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី ៣២ ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល ជូនដល់ក្មួយស្រី ។ ឯកឧត្តម រដ្ឋមន្រ្តី នឹងប្រគល់ថវិកាជូនក្មួយស្រីផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មានថ្ងៃស្អែកថ្ងៃពុធទី ១០ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១០ ព្រឹក » ។
ជាមួយគ្នានោះដែរ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានសរសេរបន្ថែមទៀតថា៖ « ពិសេសសជាមហស្ចារ្យម្ល៉េះទេ កុលធីតាខ្មែរ « កញ្ញា ប៊ូ សំណាង» គឺរូបអ្នកបានយកឈ្នះបេះដូងមនុស្ស ទាំងខ្មែរ និងសាសន៍ជាតិនានាដែលបានឃើញពីការតស៊ូ និងការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប ។ ខ្ញុំសូមកោតសរសើរនិងជូនពរក្មួយស្រីមានជោគជ័យក្នុងជីវិត » ៕ ប្រភព៖ Kem Gunawadh
- Share This Post: