ព័ត៌មានអន្តរជាតិ

តុលាការថៃផ្តន្ទាទោសជនល្មើស ២នាក់ប្តីប្រពន្ធឲ្យជាប់ពន្ធនាគារ ១២,៦៤០ឆ្នាំ ជុំវិញករណីឆបោកប្រាក់ជាង ៣៨លានដុល្លារ

BY
Khmerpress
May 11, 2023
តុលាការថៃផ្តន្ទាទោសជនល្មើស ២នាក់ប្តីប្រពន្ធឲ្យជាប់ពន្ធនាគារ ១២,៦៤០ឆ្នាំ ជុំវិញករណីឆបោកប្រាក់ជាង ៣៨លានដុល្លារ

ថៃ៖ ​តុលាការថៃសម្រេចផ្តន្ទាទោសជនខិលខូច ២នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១២,៦៤០ឆ្នាំ ជុំវិញករណីឆបោកប្រាក់ជាង ៣៨លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះ។ ជនខិលខូចទាំង ២រូបនោះរួមមានអ្នកស្រី Wantanee Tippaveth និងលោក Methi Chinpha ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ហើយបទល្មើសដែលពួកគាត់ប្រព្រឹត្តនោះគឺបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្ល៉េះ ខណៈសកម្មភាពបោកប្រាស់របស់ពួកគាត់គឺត្រូវបានធ្វើឡើងក្រោមរូបភាពកៀរគរពលរដ្ឋតាមបណ្តាញសង្គម Facebook ឲ្យយកប្រាក់មកវិនិយោគជាមួយពួកគាត់ និងអាចទទួលបានប្រាក់ចំណេញត្រលប់ទៅវិញរហូតដល់ ៩៣% នៃប្រាក់ដើម។

ប្រភពខាងលើបញ្ជាក់ថា ពលរដ្ឋដែលបានចាញ់បោកប្តីប្រពន្ធទាំង ២នាក់នេះគឺមានចំនួនសរុប ២,៥៣៣នាក់ ហើយប្រាក់ដែលពួកគាត់បានឆបោកសរុបវិញមានចំនួន ១,៣ពាន់លានបាត (៣៨,៧ លានដុល្លារ)។ ជុំវិញការអនុវត្តទោសរបស់ពួកគាត់នឹងត្រូវធ្វើឡើងតាមលក្ខខណ្ឌច្បាប់មួយចំនួនដូចជា តុលាការព្រហ្មទណ្ឌថៃបានសម្រេចអនុគ្រោះប​ន្ថយទោសរបស់ពួកគាត់មកសល់ត្រឹម ៥,០៥៦ឆ្នាំ ដោយផ្អែកថា ពួកគាត់បានចូលខ្លួនមកសារភាពទោស និងបានសហការណ៍ជាមួយប៉ូលិសជំនាញដើម្បីបំបែកសំណុំរឿងមួយនេះឲ្យបានឆាប់រហ័ស។ មួយវិញទៀតយោងទៅតាមច្បាប់ពិសេសមួយដែលកំណត់ឲ្យជនល្មើសក្នុងករណីដូចពួកគាត់មិនត្រូវជាប់ពន្ធនាគារលើសពី ២ទស្សវត្សរ៍នោះ គឺប្តីប្រពន្ធទាំង ២រូបនេះទំនងជាត្រូវជាប់ពន្ធនាគារក្នុងរយៈពេលត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ខណៈទោសដែលសល់ទាំងអស់នឹងត្រូវព្យួរទុកពេញមួយជីវិតរបស់ពួកគាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: